ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ថាបនាផ្លូវចំនួន ២ខ្សែ ក្នុងខេត្តកំពត
កំពត៖បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត នៅរសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ថាបនាផ្លូវចំនួន ២ខ្សែ ក្នុងខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ,លោកប្រធានមន្ទីរ,អនុប្រធានមន្ទីរ ,ប្រធាន,អនុប្រធានការិយាល័យ, និងមន្ត្រីជំនាយប្រមាណ។
ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យលើការសាងសង់ និងវឌ្ឍនភាពការងារ ធ្វើយ៉ាងណាឱ្យមាននូវគុណភាពអាចប្រើប្រាស់យូរអង្វែង និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយអាចសម្រេចឱ្យបានទៅតាមលទ្ធផលនៃផែនការគ្រោងទុកផងដែរ៕
ខ្សែទី១ មានប្រវែងសរុប ៨,៥៤គ.ម សម្រេចលទ្ធផលបាន ៥៨% ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧,៤២គ.ម និងក្រាលបេតុង (RC) ១,១២គ.ម មានលូមូលចំនួន ១៤កន្លែង និងលូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ ដោយមានអ្នកទទួលផលសរុប ៤០៦៨គ្រួសារ ស្មើនឹង ១៤ ៨៥៦នាក់ ស្រី ៩ ០១៣នាក់ ។
ខ្សែទី២ មានប្រវែង៩,៦៣គ.ម សម្រេចលទ្ធផលបាន ៩០% ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,០៥គ.ម និងក្រាលបេតុង (RC) ០,៥៨គ.ម មានលូមូលចំនួន ២២កន្លែង តភ្ជាប់ពីភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ទៅដល់ភូមិដើមដូង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។ ដោយមានអ្នកទទួលផលសរុប ៣ ០២៧គ្រួសារ ស្មើនឹង ១៣ ៣៤៥នាក់ ស្រី ៦ ៧៩៤ នាក់ ។



