កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម។

លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤៖៥០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨រួមមាន៖
ទី១៖ ឈ្មោះ LI LING ភេទប្រុស ជនជាតិចិន
ទី២៖ ឈ្មោះ WANG JING ភេទប្រុស ជនជាតចិន
ទី៣៖ ឈ្មោះ AI NI ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៤៖ ឈ្មោះ SAI AUNG XIENG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៥៖ ឈ្មោះ A SAN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៦៖ ឈ្មោះ AI LONG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៧៖ ឈ្មោះ SAN YI KUN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៨៖ ឈ្មោះ NI LIE ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា ឃាត់ខ្លួនត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងនោះកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះចំនួន៦នាក់ ភេទប្រុស ជាជនជាតិចិន និងដកហូតបានវត្ថុតាងធ្វើទារុណកម្មមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អនុវត្តនីតិវិធីបន្ត៕
ប្រភព៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ