ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ

ថ្លែងក្នុងកិច្ចប្រជុំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់សាខាសមាគមនារីខេត្ត នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលទុរេន សាលាខេត្តកំពត លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងាររបស់សមាជិកា សាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង៩ ពិសេសការចូលរួមក្នុងការងារនយោបាយ ការងារសង្គម ការងារអប់រំ ការងារមនុស្សធម៌ និងការងារទំនាក់ទំនងអន្តរជាតិជាដើម ដែលរយៈពេលកន្លងមកទទួលបានលទ្ធិផលល្អប្រសើរ។ លោកជំទាវប្រធានកិត្តិយសបានបន្តថា ក្នុងឆ្នាំនេះ សាខាសមាគមនារីខេត្ត ក៏បានអនុវត្តសកម្មភាពជាច្រើន ជាពិសេស ការងារពង្រឹសមត្ថភាពយុវតីជា ដោយបានការចុះធ្វើវេទិកាផ្សព្វផ្សាយស្តីពីការតម្រង់ទិសជូនយុវតីសិស្សថ្នាក់ទី១២ ទាំង ៩ក្រុង-ស្រុក ដែលមានសិស្សស្រីចូលរួមសរុបចំនួន ២.៥៩៨នាក់ ដែលសកម្មភាពនេះ គឺជាកាយវិការដ៏មានប្រសិទ្ធភាព ព្រោះយើងមិនមែនត្រឹមតែអប់រំនោះទេ តែយើងបានវិនិយោគទៅលើធនធានដ៏មានតម្លៃរបស់ប្រទេស គឺយុវនារីជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ ក្នុងពេលដែលប្រទេសកម្ពុជាមានការឈ្លានពានពីសំណាក់ប្រទេសថៃ សមាគមនារីខេត្តក៏បានចុះសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ ដែលកំពុងឈរជើងប្រចាំការនៅខេត្តព្រះវិហារ និងជនភៀសសឹកចំនួន ៧៨៣គ្រួសារ រួមទាំងវីរៈកងទ័ពសមភូមិជួរមុខប្រចាំទិសថ្មដានៅខេត្តពោធិ៍សាត់ និងបាននាំយកអំណោយទៅជូនវីរៈកងទ័ពសមរភូមិជួរមុខ ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីប្រចាំទិសព្រះវិហារ និងវីរៈកងទ័ពជួរមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារផ្ទាល់ផងដែរ។ សកម្មភាពរបស់សាខាសមាគមនារី បានបង្ហាញសារមួយដ៏ច្បាស់លាស់ថា ស្ត្រីនៅជួរក្រោយតែងតែឈរនៅពីក្រោយការគាំទ្រកម្លាំងការពារជាតិរបស់យើង ដើម្បីបង្ហាញឱ្យឃើញថាយើងអាចប្រែក្លាយទៅជាកម្លាំងចិត្តដ៏កក់ក្តៅ ដល់បងប្អូនវីរៈកងទ័ពដែលខិតខំ លះបង់ដើម្បីបុព្វហេតុសន្តិភាព និងសុវត្ថិភាពជាតិដែលមិនអាចកាត់ថ្លៃបាន។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវប្រធានកិត្តិយសសមាគមនារីខេត្តកំពត ក៏បានធ្វើការជំរុញឱ្យសមាជិកាគ្រប់សាខាទាំងអស់សូមបន្តចូលរួមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុសទាំងការងារនយោបាយ សង្គម អប់រំ កមនុស្សធម៌ និងទំនាក់ទំនងអន្តរជាតិបន្តទៀត  ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសង្គមជាតិ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត