ទស្សនកិច្ចរបស់លោក Vladimir Putin ទៅកាន់ប្រទេសឥណ្ឌា លើកនេះចំពេលដែលនយោបាយពិភពលោកកំពុងរសើប ដោយអាម៉េរិកព្យាយាមដាក់គំនាបពន្ធគយលើឥណ្ឌា និងចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះចតមកដល់ប្រទេសឥណ្ឌាកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីររុស្ស៊ី -ឥណ្ឌា។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញមកទទួលមេដឹកនាំរុស្ស៊ីនៅអាកាសយានដ្ឋានមួយក្នុងទីក្រុងញូវដេលី ហើយក៏ទទួលលោក Putin សម្រាប់អាហារពេលល្ងាចលក្ខណៈឯកជននាយប់នោះដែរ នៅគេហដ្ឋានផ្លូវការរបស់លោក។ នៅថ្ងៃសុក្រនេះមេដឹកនាំទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នាជាផ្នែកមួយនៃកិច្ចប្រជុំកំពូលឥណ្ឌា-រុស្ស៊ីលើកទី២៣និងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យការពារជាតិ ថាមពល និងចលនាពលកម្មជំនាញជាមួយគ្នាផងដែរ។ ដំណើរទស្សនកិច្ចរបស់លោក Putin បានធ្វើឡើងចំពេល វេលាដ៏រសើបមួយនៅក្នុងនយោបាយពិភពលោក និងនៅពេលដែលមានការជំរុញឡើងវិញពីសំណាក់សហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគនយោបាយលើកឡើងថា វានឹងក្លាយជាការសាកល្បងថ្មីលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងញូវដេលី ដើម្បីធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយទីក្រុងមូស្គូដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានគម្រាមកំហែងលើបញ្ហាពន្ធគយជាមួយឥណ្ឌា ដោយសារទិញប្រេងពីរុស្ស៊ី ហើយអាម៉េរិកមានបំណងដាក់សម្ពាធរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមជិត៤ឆ្នាំនៅអ៊ុយក្រែននោះ។ អ្នករិះគន់ខ្លះបាននិយាយថា Vladimir Putin ស្របពេលដែលប្រទេសឥណ្ឌាធ្លាប់រក្សាទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយរុស្ស៊ី ដំណើរទស្សនកិច្ចរបស់លោក Putin អាចធ្វើឲ្យរង្គោះរង្គើយ៉ាងបើកចំហរក្នុងចំណោមប្រទេសដែលប្រឆាំងនឹងទីក្រុងមូស្គូ និងអាចធ្វើឲ្យប៉ះពាល់ដល់ការចរចារបស់ទីក្រុងញូវដេលីសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ដែលវាគឺជាកិច្ចព្រមព្រៀងដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការជំរុញការនាំចេញរបស់ភាគីឥណ្ឌា។ សូមបញ្ជាក់ថាលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាលើកចុងក្រោយក្នុងឆ្នាំ ២០២១។ ចំណែកលោកនាយករដ្ឋមន្រ្តី Narendra Modi ធ្លាប់បានទៅកាន់ទីក្រុងមូស្គូកាលពីឆ្នាំមុនដែរ ហើយមេដឹកនាំទាំងពីរក៏ធ្លាប់បានជួបគ្នាមួយរយៈខ្លីកាលពីខែកញ្ញាដែរ នៅប្រទេសចិនអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



