ឯកអគ្គរដ្ឋទូតបារាំង បានធ្វើដំណើរទស្សនកិច្ច ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង

ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ កាលពីខែមិថុនា ឆ្នាំ២០២៤ និងគ្រោងចំណាយពេល សាងសង់៣៦ខែ ដោយប្រើថវិកាប្រមាណ២៥២លានដុល្លារអាមេរិក ក្នុងនោះ ២១០លានដុល្លារអាមេរិក ជាកម្ចីសម្បទាន ពីទីភ្នាក់ងារ AFD និង៤២លានដុល្លារ អាមេរិកជាថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុប ក៏បានអនុម័តផ្តល់ជំនួយ ឥតសំណងចំនួន១២លានអឺរ៉ូសម្រាប់គម្រោងនេះផងដែរ។

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់គម្រោងសាងសង់ រោងចក្រផលិតទឹកស្អាត បាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដ៏ទំនើបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងឯកឧត្តម ឡុង ណារ៉ូ ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូ រាជរដ្ឋាភិបាល បានលើកឡើងថា គម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ គឺជាការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជា ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។” 

សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត បាខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៦០លានដុល្លារ ដែលនឹងបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដំណាក់កាលទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ៩៨២.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ៕