ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិធី នៃការអនុវត្តចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ជូនដល់មន្រ្តីបង្គោលរបស់អង្គភាពថវិការដ្ឋបាលកណ្តាលនៃក្រសួងសាធារណការ និងដឹកជញ្ជូន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិធី នៃការអនុវត្តចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ជូនដល់មន្រ្តីបង្គោលរបស់អង្គភាពថវិការដ្ឋបាលកណ្តាលនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង វាគ្មិនកិត្តិយស-គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងកសាងសមត្ថភាពមន្ត្រីបង្គោលនៅតាមបណ្តាអង្គភាពថវិការបស់ក្រសួង ឱ្យបានយល់ដឹងបន្ថែមលើកិច្ចការហិរញ្ញវត្ថុ និងនីតិវិធីនៃការស្នើសុំធានាចំណាយ និងការទូទាត់ចំណាយដែលពាក់ព័ន្ធនឹងកម្មវត្ថុនៃការងាររៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ សំដៅចូលរួមចំណែកលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងារ និងការកសាងគុណវុឌ្ឍវិជា្ជជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជាពិសេសភាពជាម្ចាស់ការក្នុងការរៀបចំនីតិវិធីចំណាយនៅតាមអង្គភាពថវិកា ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំអង្គភាពថវិកា និងការគិតគូរអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរាជរដ្ឋាភិបាលអនុវត្តអស់រយៈពេលប្រមាណ២០ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០០៤មកម៉្លេះ ហើយនាពេលបច្ចុប្បន្ននេះ កម្មវិធីកែទម្រង់នេះបានឈានដល់ការអនុវត្តក្នុងដំណាក់កាលចុងក្រោយ ពោលគឺ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែលសម្រួច និងតម្រង់គោលដៅឆ្ពោះទៅរក “សមិទ្ធកម្ម ឬលទ្ធផល”។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំដល់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួងទាំងអស់ផងដែរ ដោយត្រូវផ្ដល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីកសាងសមត្ថភាពជូនដល់មន្ត្រីរាជការទាំងអស់ ដើម្បីជំរុញការចូលរួម និងលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងារឱ្យកាន់តែល្អប្រសើរឡើង។ 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងចាត់ទុកការកែទម្រង់នេះ ជាកត្តាគន្លឹះមួយសម្រាប់កំណត់ភាពជោគជ័យក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១។