ជំនួបរវាងលោកប្រធានាធិបតី Macron  និងលោក Xi Jinping ធ្វើឡើងចំពេលពិភពលោកមិនស្ថិតស្ថេរ! ដោយបារាំងជម្រុញ ទីក្រុងប៉េកាំងដាក់សម្ពាធលើរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

លោកប្រធានាធិបតី Xi Jinping បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការសន្ទនាដោយស្មើភាព និងកិច្ចសហប្រតិបត្តិការបើកចំហជាមួយប្រទេសបារាំង ខណៈដែលលោកបានជួបជាមួយប្រធានាធិបតី Emmanuel Macron នៅទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Xi Jinping បានរៀបចំពិធីស្វាគមន៍ដ៏អស្ចារ្យមួយសម្រាប់លោកប្រធានាធិបតី Macron និងលោកស្រី Brigitte Macron នៅសាលធំប្រជាជនក្នុងទីក្រុងប៉េកាំង បន្ទាប់មកដោយកិច្ចប្រជុំទ្វេភាគីក៏ចាប់ផ្តើម។ ជាការកត់សម្គាល់អំពីស្ថានភាពពិភពលោកមិនស្ថិតស្ថេរ និងកំពុងផ្លាស់ប្តូរផងដែរនោះ លោក Xi Jinping បានមានប្រសាសន៍អំឡុងពេលពិភាក្សាគ្នាថា៖ ចិន និងបារាំងគួរតែបង្ហាញពីការទទួលខុសត្រូវរបស់ពួកយើងចំពោះពិភពលោក។ សូមបញ្ជាក់ថា៖ លោក Macron បានមកដល់ទីក្រុងប៉េកាំងកាលពីយប់ថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយត្រូវបានគេរំពឹងថាវត្តមានរបស់លោកនឹងផ្តោតសំខាន់លើការចរចាពាណិជ្ជកម្ម និងវិបត្តិពិភពលោកអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកដែរ។ លោកក៏មានគោលបំណងបញ្ចុះបញ្ចូលទីក្រុងប៉េកាំងឱ្យដាក់សម្ពាធបន្ថែមលើរុស្ស៊ីឆ្ពោះទៅរកបទឈប់បាញ់ជាមួយអ៊ុយក្រែនថែមទៀតផង។ ប្រទេសបារាំងសង្ឃឹមថានឹងទាក់ទាញការវិនិយោគរបស់ចិនបន្ថែមទៀត និងសម្រួលដល់ការចូលរួមទីផ្សារសម្រាប់ការនាំចេញរបស់បារាំង។ មន្ត្រីមកពីប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យថាមពល ម្ហូបអាហារ និងអាកាសចរណ៍។ មេដឹកនាំទាំងពីរក៏នឹងធ្វើដំណើរទៅកាន់ទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន ជាកន្លែងដែលលោក Macron និងលោក Xi នឹងធ្វើកិច្ចចរចាពិសេសនៅ Dujiangyan ដែលជាប្រព័ន្ធធារាសាស្ត្រចំណាស់ជាងគេបំផុតមួយរបស់ពិភពលោក៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ