អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបន្តរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug
ខេត្តស្ទឹងត្រែង: ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ និស្សិត២៥០នាក់មកពីបណ្តាខេត្ត សហគមន៍ចម្រុះ នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែងទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបានលើកឡើងថាបញ្ហាគ្រឿងញៀនជាបញ្ហារួមហើយនិស្សិតទាំងអស់មានកាតព្វកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណនិងបានលើកឡើងថាសាលាជាថ្នាលបណ្ដុះនូវធនធានមនុស្សសម្រាប់ធ្វើការអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើនដែលក្នុងនោះធនធានទាំងអស់ត្រូវតែជាធនធានមានសុខភាពល្អ មិនទៅប៉ះពាល់គ្រឿងញៀននាំឲ្យខូចសុខភាពបង្កើតបញ្ហានិងបន្ទុកដល់សង្គមជាតិ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀននៅតែបង្កមហន្តរាយដល់ធនធានមនុស្សពិសេសយុវជនហើយវានឹងបង្កមហន្តរាយរឹតតែអាក្រក់បន្ថែមទៀតប្រសិនមិនមានការចូលរួមប្រយុទ្ធប្រឆាំងពីប្រជាពលរដ្ឋនៅមូលដ្ឋាននិងបានសំណូមពរដល់និស្សិតចូលរួមប្រើប្រាស់និងផ្សព្វផ្សាយឱ្យក្រុមគ្រួសារប្រើប្រាស់App NoDrug ដើម្បីចំណេះដឹង ព័ត៌មាន និងរាយការណ៍រាល់ករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណអ្នករាយការណ៍ហើយទទួលបានការដោះស្រាយទាន់ពេលវេលា។
វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា និស្សិតបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug។



