ប្រទេសអូស្ត្រាលីនឹងអនុវត្តការកំណត់អាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសប្តាហ៍ក្រោយ
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី លោកស្រី Anika Wells បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវតែរាយការណ៍ជារៀងរាល់ខែអំពីចំនួនគណនីដែលពួកគេបិទ នៅពេលដែលប្រទេសអូស្ត្រាលីចាប់ផ្តើមអនុវត្តការកំណត់អាយុប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រឹម ១៦ ឆ្នាំនៅសប្តាហ៍ក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ១០មានដូចជា Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, X YouTube និង Twitch នឹងប្រឈមមុខនឹងការពិន័យរហូតដល់ ៥០ លានដុល្លារអូស្ត្រាលី (៣៣ លានដុល្លារ) ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រសិនបើពួកគេមិនបានចាត់វិធានការសមហេតុផល ដើម្បីលុបគណនីរបស់កុមារអូស្ត្រាលីដែលមានអាយុក្រោម ១៦ ឆ្នាំ។
ស្នងការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលីនឹងផ្ញើការជូនដំណឹងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំង ១០នៅថ្ងៃទី ១១ ខែធ្នូ ដោយទាមទារព័ត៌មានអំពីចំនួនគណនីដែលត្រូវបានលុបចោល។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង Anika Wells បានប្រាប់ក្លឹបសារព័ត៌មានជាតិអូស្ត្រាលីថា “រដ្ឋាភិបាលទទួលស្គាល់ថាការកំណត់អាយុនេះ អាចត្រូវការពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ដើម្បីបញ្ចប់ដោយយុត្តិធម៌ និងត្រឹមត្រូវ”។
ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធថា អ្នកណាម្នាក់នៅក្នុងប្រទេសអូស្ត្រាលីដែលមានអាយុក្រោម ១៦ ឆ្នាំនឹងត្រូវចាកចេញពី YouTube របស់ខ្លួនចាប់ពីថ្ងៃទី ១០ ខែធ្នូ។ ក្រុមហ៊ុន Google នឹងកំណត់អាយុរបស់ម្ចាស់គណនី YouTube ដោយផ្អែកលើទិន្នន័យផ្ទាល់ខ្លួនដែលមាននៅក្នុងគណនី Google ដែលពាក់ព័ន្ធ។
ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook, Instagram និង Threads បាននិយាយថា កុមារតូចៗដែលសង្ស័យ នឹងត្រូវដកចេញចាប់ពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុន Meta បាននិយាយថា ម្ចាស់គណនីដែលមានអាយុ 16 ឆ្នាំឡើងទៅ ដែលត្រូវបានដកចេញដោយច្រឡំអាចទាក់ទង Yoti Age Verification និងផ្ទៀងផ្ទាត់អាយុរបស់ពួកគេដោយផ្តល់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល ឬវីដេអូ Selfie។
កាលពីខែមុន រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងកំណត់អាយុអប្បបរមាត្រឹម ១៦ ឆ្នាំ ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ពីឆ្នាំ ២០២៦។
លោកស្រី Wells បាននិយាយថា គណៈកម្មការអឺរ៉ុប បារាំង ដាណឺម៉ាក ក្រិក រ៉ូម៉ានី និងនូវែលសេឡង់ក៏មានចំណាប់អារម្មណ៍ក្នុងការកំណត់អាយុអប្បបរមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។



