អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug

(ខេត្តស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារបានជួបប្រជាសហគមន៍អេកូទេសចរណ៍អូឬស្សីកណ្ដាល  ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។

ក្នុងនាមអភិបាលស្រុកសៀមបូក លោក សួង ហ៊ី ក្នុងឱកាសនោះ  លោក ហម ថ្លា បានជម្រាបជូនប្រជាសហគមន៍អេកូទេសចរណ៍ អូរឬស្សីកណ្ដាល បានជម្រាបជូនពីការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងទាក់ទាញទេសចរណ៍ ក្នុងមូលដ្ឋានអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរហើយក៏ទទួលបានការឆ្លើយតបពីអ្នកចូលរួមទាំងអស់ថាប្ដេជ្ញាជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់ប្រជាសហគមន៍ ក្រុមគ្រួសារ ក៏ដូចជារួមគ្នាដើម្បីបានឆ្ពោះទៅកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះគឺមានបញ្ហាគ្រឿងញៀនជាចម្បង។