Zillion

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញឡើងទៅពិនិត្យមើលសាលប្រជុំធំថ្មី របស់ក្រសួងព័ត៌មាន ស្ថិតនៅជាន់ទី១២ និង នៃអគារបំពេញការងារថ្មីកំពស់ ១៤ ជាន់របស់ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងបរិវេណ ក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេស នៃក្រសួងព័ត៌មាន បានអញ្ជើញឡើងទៅពិនិត្យមើលដំណើរការរៀបចំសាលប្រជុំធំថ្មី របស់ក្រសួងព័ត៌មាន ស្ថិតនៅជាន់ទី១២ នៃអគារបំពេញការងារថ្មីកំពស់ ១៤ ជាន់របស់ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងបរិវេណ ក្រសួងព័ត៌មាន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីបំពេញ។

តាមការបញ្ជាក់របស់ លោក ទី គា ដែលទទួលការងាររៀបចំស្ទូឌីយូូ និងបន្ទប់សាល ប្រជុំធំថ្មីរបស់ ក្រសួងព័ត៌មាន គឺរហូតមកដល់ពេលនេះបានជិតរួចរាល់ឬាំងស្រុងហើយ នៅតែរៀបចំតម្លើង កៅអីអង្គុយ នៅខាងលើវេទិកា នៃសាលប្រជុំ ចំណែកកន្លែងអង្គុយទុកសម្រាប់អ្នកចូលរួមប្រជុំប្រមាណជាង ៣០០ កន្លែង គឺតម្លើងរួចរាល់អស់ហើយ ។ សម្រាប់ប្រពន្ធ័ភ្លើង សំលេង ម៉ាសុីនត្រជាក់ គឺរួចរាល់ទាំងស្រុងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ការមកពិនិត្យដោយផ្ទាល់នាឱកាសនេះ គឺដើម្បីពន្លឿនដំណើរការរៀបចំសាលប្រជុំថ្មីធំនេះអោយឆាប់ហើយរួចរាល់ ទុកសម្រាប់ត្រៀមធ្វើការរៀបចំសន្និបាតបូក សរុបការងាររបស់ក្រសួងព័ត៌មាន រយៈពេល ៥ ឆ្នាំ ដែលគម្រោងធ្វើឡើងក្នុងខែមេសា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ សម្រាប់សាលប្រជុំនេះ អាចអោយអ្នកចូលរួមបាន ប្រមាណជាង ៣០០ នាក់ ក្រៅពីបន្ទប់ធំ ក៏មានបន្ទប់ ខ្នាតមធ្យម សម្រាប់រៀបចំជាកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខា ផងដែរ ហើយបន្ទប់ទាំងនោះ ក៏កំពុងដំណើរការរៀបចំផងដែរ ។
អគារថ្មីនេះ មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០ បន្ទប់ ។
បច្ចុប្បន្ននៅក្នុងបរិវេណក្រសួងព័ត៌មាន មានអគារធំ គឺ ទីស្តីការក្រសួង មួយ អគារ អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អគារ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំណុះអោយ ក្រសួងព័ត៌មាន៕