មនុស្សស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់និងបាក់ដីនៅស្រីលង្កាកើនឡើងដល់៤៧៤នាក់! ខណៈតំបន់ជាច្រើនពិបាកចូលទៅសង្រ្គោះ

ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ និងបាក់ដីថ្មីៗនេះនៅប្រទេសស្រីលង្កាកំពុងហក់ឡើងបន្ថែមទៀត ខណៈតំបន់ជាច្រើននៅតែមិនអាចចូលទៅដល់បាន ដោយសារតែភ្លៀងនៅតែធ្លាក់ជាបន្តបន្ទាប់ មានទាំងផ្លូវថ្នល់បាក់បែក និងពិបាកធ្វើដំណើរ អំឡុងពេលស្ថានភាពដីគឺមិនស្ថិតស្ថេរនោះទេ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះបានរាយការណ៍ថា មានមនុស្សស្លាប់កើនដល់ ៤៧៤ នាក់ និងមនុស្ស៣៣៦នាក់នៅបាត់ខ្លួននៅឡើយ ប៉ុន្តែមន្ត្រីបានព្រមានថា ចំនួនស្លាប់ពិតប្រាកដអាចឡើងខ្ពស់ជាងនេះទៀត។ ទឹកជំនន់នៅតែបន្តជន់លិចសង្កាត់នានាក្នុងទីក្រុងកូឡុំបូ និងស្រុកជុំវិញនោះ ដែលបង្ខំឱ្យជម្លៀសប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញ។ នៅតំបន់ខ្ពង់រាបកណ្តាលវិញ ភ្លៀងធ្លាក់ឥតឈប់ឈរបានបង្កឱ្យមានហេតុការណ៍បាក់ដីធំៗ កប់ផ្ទះសម្បែង និងកាត់ផ្តាច់ភូមិទាំងមូល។ ក្រុមជួយសង្គ្រោះបាននិយាយថា៖ ស្ថានភាពនៅទីនោះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលវាបានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងស្វែងរកសពមនុស្សនិងអ្នករស់រានមានជីវិត។ យោធា និងកងទ័ពអាកាសកំពុងធ្វើប្រតិបត្តិការ តាមផ្លូវអាកាសទ្រង់ទ្រាយធំដូចគ្នា ដោយដឹកបញ្ជូនអ្នករងរបួសតាមអាកាសផងនិងបន្តចែកចាយស្បៀងអាហារស្ងួត និងថ្នាំពេទ្យ តាមអាកាសផង ព្រមទាំងដាក់ពង្រាយក្រុមកងកុម្ម៉ង់ដូទៅកាន់សហគមន៍ដាច់ស្រយាល។ ការដាច់ចរន្តអគ្គិសនី ការបិទផ្លូវចូល និងការទំនាក់ទំនងនានាបានរំខាន ចំពោះការឆ្លើយតបជួយសង្រ្គោះថ្នាក់ជាតិនៅស្រីលង្កា។ អាជ្ញាធរនិយាយថា៖ វាអាចចំណាយពេលច្រើនថ្ងៃ និងអាចច្រើនសប្តាហ៍ ដើម្បីវាយតម្លៃពេញលេញអំពីទំហំនៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ