ពិធីផ្តល់សម្ភារៈសិក្សាដល់កុមារ គម្រោងផ្តល់ឱកាសសិក្សាដល់កុមារប្រឈមបាត់ឱកាសសិក្សា និងផ្តល់ជំនួយស្បៀង សង្គ្រោះដល់កុមារ ៣៧៧នាក់ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៃខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥ អង្គការកែប្រែសហគមន៍បានរៀបចំពិធីផ្តល់សម្ភារៈសិក្សាដល់កុមារគម្រោងផ្តល់ឱកាសសិក្សាដល់កុមារប្រឈមបាត់បង់ឱកាសសិក្សាចំនួន១៥២នាក់ ព្រមទាំងផ្តល់ជំនួយជាស្បៀងសង្គ្រោះដល់កុមារចំនួន២២៥នាក់ ដែលរងផលប៉ះពាល់ដោយសារបញ្ហាវិបត្តិជំលោះព្រំដែនកម្ពុជា-ថៃ ដល់កុមារមកពីសង្កាត់បន្សាយរាក់ ក្រុងសំរោង និងឃុំគោកខ្ពស់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ពិធីនេះបានរៀបចំឡើងនៅបរិវេណសាលា បឋមសិក្សាបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលរួមជាកុមារ អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ នៃសាលាគោលដៅគម្រោងក្នុង ឃុំ សង្កាត់ទាំង២ខាងលើមានអ្នកចូលរួមសរុបប្រមាណ៣៧៧នាក់។ កម្មវិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមជាគណៈអធិបតីពីលោកស្រី ហេង សុជាតិ អភិបាលរង នៃគណៈអភិបាលក្រុងសំរោង លោក ចន ផល្លីន អភិបារង នៃគណៈអភិបាលស្រុកបន្ទាយអំពិល លោក គឹមសាន្ត ចាន់តារា នាយកស្តីទីប្រចាំប្រទេស អង្គការអាក់សិនអេតកម្ពុជា លោក ជួន ស៊ីរ៉ាក់ ប្រធានការិយាល័យបឋម នៃមន្ទីរអប់រំយុវជននិងកីឡា លោក យិញ យ៉ា នាយកអង្គការកែប្រែសហគមន៍ (CTO) បានមានមតិស្វាគមន៍ព្រមទាំងជម្រាបជូនរបាយការណ៍ដល់អង្គពិធីថា អង្គការកែប្រែសហគមន៍ បានកំពុងអនុវត្តគម្រោងកម្មវិធីសិទ្ធិមូលដ្ឋាន (Local Right Program) និងគម្រោងផ្តល់ឱកាសសិក្សាដល់កុមារប្រឈមបាត់បង់ឱកាសសិក្សា (OOSC)។ គម្រោងនេះធ្វើការជាដៃគូផ្តល់មូលនិធិពីអង្គការ ActionAid និង អង្គការ Aid et Action ដែលគ្របដណ្តប់លើភូមិចំនួន៣២ នៃឃុំ/សង្កាត់ចំនួន៦ និង ៤ក្រុង/ស្រុក នៃខេត្តឧត្តរមានជ័យ។ គម្រោងផ្តោតលើកម្មវិធីការលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិ (ព្រៃឈើសហគមន៍)។ ក្នុងភាពជាដៃគូរនេះ គម្រោងបានធ្វើការជាមួយកុមារងាយរងគ្រោះចំនួន ១,៦៣៩នាក់ មកពីសាលាគោលដៅទាំង២៧ ក្នុងការគាំទ្រ ជម្រុញ តាមដានដើម្បីឲ្យប្រាកដថាកុមារ បានចូលសាលាដោយខ្ជាប់ខ្ជួន។ ក្នុងនោះមានកុមារចំនួន៩៤៥នាក់ ជាកុមារកម្មវិធីគូរសារ ភ្ជាប់ទំនាក់ទំនង ទៅម្ចាស់ជំនួយនៅបរទេសក្នុងគោលដៅរៃអង្គាសថវិកា ដើម្បីយកមកគាំទ្រកម្មវិធីអភិវឌ្ឍតាមរយះអង្គការកែប្រែសហគមន៍ក្នុងខេត្តឧត្តរមានជ័យ។
លោក គឹមសាន្ត ចាន់តារា នាយកស្តីទីប្រចាំប្រទេសអង្គការអាក់សិនអេត កម្ពុជា បានសំដែងការថ្លែងអំណរគុណដល់វត្តមាន លោក លោកស្រី គណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយស ដែលបានឆ្លៀតពីកិច្ចការដ៏មមាញឹកចូលរួមយ៉ាងកុះករអបអរសាទរ ដល់ក្មួយៗកុមារដែលបានមកទទួលសម្ភារះសិក្សា និងស្បៀងក្នុងថ្ងៃនេះ ដែលវាបានបញ្ជាក់ពីសាក្ខីភាពនៃការដឹងលឺទទួលស្គាល់នូវសមិទ្ធិផលការងារ បង្ហាញនូវការគាំទ្រទៅដល់ការងារអង្គការកែប្រែសហគមន៍ ដែលអនុវត្តគម្រោងផ្ទាល់នៅនឹងមូលដ្ឋានជាមួយលោក លោកស្រី និងក៏ដូចជាផ្តល់ការគាំទ្រដល់បេសកកម្មរបស់អង្គការអាក់សិនអេតកម្ពុជាដែរ។ លោកបានសង្កត់ធ្ងន់ឲ្យក្មួយកុមារខិតខំពុះពារក្នុងការសិក្សា ហើយឪពុកម្តាយត្រូវខិតខំជួយជម្រុញតាមដានកូនបន្ថែមនៅផ្ទះដោយកុំចាំតែរំពឹងការងារនេះតែពីលោកគ្រូអ្នកគ្រូដែលនៅសាលា។
លោកស្រី ហេងសុជាតិ អភិបាលរង នៃគណៈអភិបាលក្រុងសំរោង បានបញ្ជាក់ថា ជួសមុខឲ្យអាជ្ញាធរដែនដី និងថ្នាក់ដឹកនាំក្រុង ពិតជាមានការត្រេកអរ និងថ្លែងអំណរគុណខ្លាំងណាស់ ដល់អង្គការទាំង៣ខាងលើ ជាពិសេសអង្គការកែប្រែសហគមន៍ដែលតែងតែស្វះស្វែង កៀរគរធនធានមកចូលរួមចំណែកលើការងារអភិវឌ្ឍ ក្នុងខេត្តឧត្តរមានជ័យ។ លោកស្រីបានបន្តបញ្ជាក់ដែរថា ក្រោយផ្ទុះអាវុធថ្ងៃទី២៤ កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀស ចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្ន ដែលអាជ្ញាធររៀបចំទាំង ក្នុងនិងក្រៅខេត្ត ហើយមួយចំនួនទៀត បានទៅស្នាក់នៅបណ្តោះអាសន្នតាមផ្ទះសាច់ញាតិ។ ដោយសារការរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែន នៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើង ក្នុងថ្ងៃទី២៨ កក្កដា២០២៥ ក៏ដោយ។ បញ្ហានេះបង្ករទៅជាផលប៉ះពាល់ទាំងរយះពេលខ្លី មធ្យម វែង ដល់ប្រជាពលរដ្ឋក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដូចនេះការចូលរួម តាមរយះអង្គការកែប្រែសហគមន៍ ធ្វើការផ្តល់ជូននូវសម្ភារះសិក្សាមានកង់ កាបូបរៀន សៀវភៅ ស្បៀង សម្រាប់ចែកជូនក្មួយៗកុមារ ក្នុងថ្ងៃនេះក៏ជាការចូលរួមចំណែកជួយសម្រាលការខ្វះខាត ក៏ដូចជាបំពេញនូវតម្រូវការចាំបាច់របស់ពួកគាត់ ដើម្បីជម្រុញលើកទឹកចិត្ត និងជ្រោមជ្រែងឲ្យក្មួយៗកុមារ មានលទ្ធភាពអាចបន្តការសិក្សា ដើម្បីសម្រេចក្តីស្រមៃកសាងអនាគត់របស់ក្មួយៗ លោក យិញ យ៉ា បានបញ្ជាក់បន្ថែមដែរថា ភ្លាមៗបន្ទាប់ពីមានសភាពការណ៍ផ្ទុះអាវុធ ហើយកើតមាននូវការរត់ភៀសសឹកនេះ អង្គការកែប្រែសហគមន៍ទទួលបានការគាំទ្រពីអង្គការអាក់សិនអេត និងអង្គការអេត អេអាក់ស្យុង រួមគ្នាឆ្លើយតបនូវតម្រូវបន្ទាន់៣លើករួចមកហើយ ទៅដល់គ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារះប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាសម្ភារះស្តុកទឹកស្អាត អនាម័យ និងសម្ភារះសិក្សាកុមារ។ ការឆ្លើយតបនេះ បានចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនមួយអន្លើប៉ុនណោះ។ ម្យ៉ាងវិញទៀតទោះបីជាមានការចូលរួមឆ្លើយតបបន្ថែមពីស្ថាប័នដៃគូរអភិវឌ្ឍ និងផ្តល់ជំនួយជាតិ អន្តរជាតិ សប្បុរសជន និងរដ្ឋាភិបាលជាហូរហែររួចមកហើយក៏ដោយ ក៏ទំហំនៃតម្រូវការនិងផលប៉ះពាល់នៅតែមិនទាន់គ្រប់គ្រាន់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារគោលដៅគម្រោង LRP និង OOSC ចំនួន ៣៧៧នាក់ ដោយក្នុងពិធីនេះយើងធ្វើការផ្តល់ជូនជាស្បៀង និងសម្ភារះសិក្សាមានដូចតទៅ៖

• កុមារ ១៥២នាក់ ម្នាក់ៗទទួលបាន កង់១+ស្បៀង១កញ្ចប់+សម្ភារះសិក្សា១កញ្ចប់

• កុមារ ២២៥នាក់ ដែលម្នាក់ៗទទួលកញ្ចប់ជំនួយស្បៀង១កញ្ចប់ (ត្រីខ២យួរ) សរុប= ៣៧៧នាក់
• កុមារ និងគ្រួសារកុមារទទួលបានស្បៀងសម្រាលការខ្វះខាតជីវភាព និងជួយលើកកម្ពស់សុខុមាលភាពគ្រួសារ។
• កុមារដែលមានជីវភាពខ្វះខាតទទួលបានការលើកទឹកចិត្តនិងសម្ភារះសិក្សា ដើម្បីទទួលបានឧិកាសសិក្សាសមស្រប។
. ដោយក្នុងកម្មពិធីនេះចំណាយថវិកាអស់ចំនួនៈ $១១,១៦៨.០០ដុល្លាអាមេរិកគត់ ៕