លោក Vladimir Putin បានចោទប្រកាន់ EU ថាបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅអ៊ុយក្រែនដោយ ពួកគេទាមទារជ្រុលមិនអាចទទួលយកបាន

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារនេះថាបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមដែលទទួលបានសន្ទុះក្នុងសប្តាហ៍ថ្មីៗនេះ។ លោក Vladimir Putin បាននិយាយបែបនេះបន្ទាប់ពីថ្លែងសុន្ទរកថាទៅកាន់វេទិកាវិនិយោគមួយ និងមុនពេលដែលលោកបានធ្វើកិច្ចពិភាក្សាជាមួយគណៈប្រតិភូអាមេរិកដឹកនាំដោយប្រេសិត Steve Witkoff និងកូនប្រសាររបស់លោកប្រធានាធិបតី Donald Trump គឺលោក Jared Kushner នៅវិមានក្រឹមឡាំង។ មេដឹកនាំរុស្ស៊ីបានចោទប្រកាន់អឺរ៉ុបថាបានធ្វើវិសោធនកម្មសំណើសន្តិភាពជាមួយនឹង «ការទាមទារដែលមិនអាចទទួលយកបានទាំងស្រុងចំពោះរុស្ស៊ី» ដូច្នេះ «ការរារាំងដំណើរការសន្តិភាពទាំងមូល» ធ្វើឡើងដោយគ្រាន់តែចង់បន្ទោសរុស្ស៊ីចំពោះរឿងនេះតែប៉ុណ្ណោះ។ ការកត់សម្គាល់របស់លោកគឺស្របទៅនឹងរឿងរ៉ាវដែលរុស្ស៊ីបានជំរុញវាបន្ទាប់ពីលោក Trump បានវិលត្រឡប់ទៅកាន់សេតវិមានវិញនៅឆ្នាំនេះ ហើយបានផ្តួចផ្តើមកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ដោយពណ៌នាអំពីការគាំទ្រដ៏រឹងមាំរបស់អឺរ៉ុបចំពោះអ៊ុយក្រែនថាជាឧបសគ្គចម្បងមួយនៅលើផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាព៕

សម្រួលអត្ថបទ៖ សុផារិន្ទ