
ក្រសួងជំនាញ និងអាជ្ញាធរជាតិបន្តផ្សព្វផ្សាយចំណេះដឹងពីសុខភាពនិងការបង្ការគ្រោះថ្នាក់បង្កដោយគ្រឿងញៀន ជំងឹអេដស៍មេរោគអេដស៍ ចរាចរណ៍ និងបារីអេឡិចត្រូនិក

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងទិសដៅលើកកម្ពស់សុខភាពសិក្សាដើម្បីធានាគុណភាពនិងសុវត្ថិភាពធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា សហការអគ្គលេខាធិការដ្ឋានអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានរៀបចំសិក្ខាសាលាស្តីពីការបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធ ក្រុមប្រឹក្សាយុវជន ក្រុមសិស្សកាកបាទក្រហម សិស្សកាយរិទ្ធ និងមន្រ្តិចំនួន២៦៥នាក់ ។
ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍ របាយការណ៍ពាក់ព័ន្ធនឹងកិច្ចខិតខំការងារសុខភាពសិក្សារបស់ខេត្តកំពត។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទាបានមានប្រសាសន៍ថា ការថែទាំយុវជនឱ្យមានសុខភាពល្អរឹងមាំជាការងារសំខាន់ចាំបាច់ដែលត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ពិសេសការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដើម្បីពួកគាត់បានយល់ដឹង និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិសេសត្រូវរួមគ្នាឆ្លើយថាទេចំពោះគ្រឿងញៀនព្រោះវាជាប្រភពបង្កបញ្ហាជាច្រើនដល់ធនធានមនុស្ស តម្លៃសង្គម និងសេដ្ឋកិច្ចជាតិ
បណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការអប់រំ បណ្តុះបណ្តាលយុវជន គឺពិតជាបានជួយឱ្យយុវជនទទួលបានចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា សម្បទាទាំង៥នេះអាចជួយយុវជនមានសមត្ថភាពចូលរួមកាន់តែសកម្មជួយដល់សង្គមជាតិ។
បណ្ឌិតសឿ សុជាតា បានថ្លែងបន្តថា យុវជនល្អរួមគ្នាគាំទ្រការប្រឆាំងគ្រឿងញៀនគ្រប់ប្រភេទដើម្បី ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ការងារសុខភាពសិក្សាជាការងារសំខាន់សម្រាប់ឱ្យយុវជនដែលជាទំពាំងស្នងឬស្សីដែលទាមទារការថែទាំទើបរីកលូតលាស់ល្អប្រកបដោយគុណភាពសម្រាប់ទ្រទ្រង់ប្រទេសជាតិនៅថ្ងៃអនាគត ព្រោះថាសុខភាពកុមារនិងយុវជនមិនអាចរីកលូតលាស់បានទេក្នុងបរិស្ថានមិនល្អប្រកបដោយគ្រោះថ្នាក់នៃគ្រឿងញៀននិងជំងឺនានានោះ។