រដ្ឋមន្រ្តីសុខាភិបាល៖ «ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់កំលាំងកាយនិងចិត្តចូលរួមបំពេញគ្រប់បេសកម្មរបស់វិស័យសុខាភិបាលក៏ដូចជា បេសកម្មរបស់ជាតិ»

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពេលដែល ឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល

ហើយនិងអ្នកចូលរួមតាមប្រព័ន្ធ  វីដេអូសន្និសីទ(Zoom)សរុបចំនួន ៣១៤៣នាក់កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងបន្តទៀតនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឺកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន (១) ធ្វើជាអ្នករំលឹកអោយមានសន្ទុះការងារជាប្រចាំ (២)ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល និង (៣)ត្រូវមានទេពកោសល្យក្នុងការពន្យល់ភាគីពាក់ពន្ធ័និងប្រជាជនអោយអោយបានយល់ពីការងារគ្រប់គ្រងសុខភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំនុចសំខាន់មួយបន្ថែមទៀត របស់អ្នកដឹកនាំវិស័យសុខាភិបាល ដែលអ្នកដឹកនាំគ្រប់រូបត្រូវនាំមកនូវរូបភាពល្អនៃភាពជាអ្នកដឹកនាំ គ្រប់ពេលវេលា (ទាំងអាកប្បកិរិយា សំដី និងខ្លឹមសារ) មកបង្ហាញជាសាធារណៈនៅក្នុងដំណើរនៃការដឹកនាំក្នុងគោលនយោបាយដែលត្រឹមត្រូវ។

អ្នកដឹកនាំគ្រប់រូបត្រូវព្យាយាមចូលរួមទាំងកំលាំងកាយនិងចិត្តនៅក្នុងគ្រប់បេសកម្មទាំងអស់របស់អង្គភាពរបស់ខ្លួន ហើយក៍ត្រូវបង្ហាញរូបភាពល្អនៃភាពជាអ្នកដឹកនាំនេះ ទាំងនៅក្នុងអង្គភាព ក្នុងវេទិការអន្តរអង្គភាព និងនៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឺក អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។

ក្នុងវគ្គនេះដែរ ក៏មានបទបង្ហាញចំនួន២ត្រូវបានរៀបចំ។ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីសមិទ្ធិផលសុខាភិបាលក្នុងខេត្តបាត់ដំបង និង ក្រុមការងារនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងក៍បានបង្ហាញពីPDIA សម្រាប់ការបង្កើនសេវាពិគ្រោះជំងឺក្រៅរបស់មន្ទីរពេទ្យ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៍បានផ្តល់នូវអនុសាសន៍ ឱ្យអ្នកដឹកនាំទាំងអស់ ធ្វើជាគំរូល្អដល់បុគ្គលិករបស់ខ្លួន និងខិតខំជួយបុគ្គលិកធម្មតាម្នាក់ៗ ឱ្យប្រែក្លាយទៅជាបុគ្គលិកគន្លឺះ ក្នុងការជួយអភិវឌ្ឍអង្គភាពនាពេលបច្ចុប្បន្ន និងពេលអនាគត។