បង្អួចថ្មីនៃការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ចិន៖ គម្រោងទូរទស្សន៍ឌីជីថល “ភូមិមួយទៅភូមិមួយ” របស់សមាគមមិត្តភាពយូណានបានបើកដំណើរការនៅទីក្រុងភ្នំពេញ

បង្អួចថ្មីនៃការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ចិន៖ គម្រោងទូរទស្សន៍ឌីជីថល “ភូមិមួយទៅភូមិមួយ”  របស់សមាគមមិត្តភាពយូណានបានបើកដំណើរការនៅទីក្រុងភ្នំពេញ

   ពិធីប្រគល់-ទទួលអំណោយសម្រាប់គម្រោងទូរទស្សន៍ឌីជីថល “ភូមិមួយទៅភូមិមួយ”នៅកម្ពុជា ដែលជាគម្រោងសប្បុរសធម៌ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា ក្រោមប្រធានបទ “ដំណើរផ្សារភ្ជាប់បេះដូងយូណាន”  ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅសង្កាត់ព្រែកលៀប ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានរៀបចំឡើងដោយ សមាគមមិត្តភាពអន្តរជាតិប្រជាជនខេត្តយូណាន ហើយអនុវត្តរួមគ្នាដោយក្រុមហ៊ុន យូណាន ម៉ូបែល ឌីឃីថល ធីវី ខូអូផូរេសិន និង ក្រុមហ៊ុនខេមបូឌាឌីជីថល ធីវី ។ ក្នុងពិធីនេះ ភាគីរៀបចំបានបរិច្ចាគ ប្រអប់តភ្ជាប់ទូរទស្សន៍ឌីជីថល OTT (OTT Digital TV Set-top Boxes) ចំនួន៥៦០ ឈុត ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់សង្កាត់ព្រែកសៀប ក្រុងភ្នំពេញ ក្នុងគោលបំណងប្រើប្រាស់បច្ចេកវិទ្យាទូរទស្សន៍ឌីជីថលនេះ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

       លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានថ្លែងអំណរគុណចំពោះការបរិច្ចាគប្រកបដោយសប្បុរសធម៌របស់សមាគមមិត្តភាពអន្តរជាតិប្រជាជនខេត្តយូណាន ដោយលោកបានលើកឡើងថា៖ “ប្រអប់តភ្ជាប់ទូរទស្សន៍ឌីជីថល OTT ចំនួន៥៦០ ឈុតនេះ នឹងប្រៀបដូចជាគ្រាប់ពូជ ដែលត្រូវបានបណ្ដុះនៅតាមសហគមន៍ និងក្រុមគ្រួសារនានាក្នុងសង្កាត់ក៏ដូចជាក្នុងទីក្រុងភ្នំពេញ។ ពួកវានឹងជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសគ្រួសារដែលមានលទ្ធភាពទទួលបានព័ត៌មានមានកម្រិត អាចចូលទៅក្នុងយុគសម័យឌីជីថលបានកាន់តែងាយស្រួល និងរីករាយជាមួយកម្មវិធីទូរទស្សន៍ចម្រុះពណ៌ និងសម្បូរបែប”។

    ក្នុងពិធីនោះដែរ តំណាងភាគីទាំងពីរបានរួមគ្នាប្រគល់ប្រអប់តភ្ជាប់ទូរទស្សន៍ឌីជីថលដល់តំណាងប្រជាពលរដ្ឋដែលជាអ្នកទទួលអំណោយ ហើយតំណាងអ្នកទទួលអំណោយក៏បានចុះហត្ថលេខាលើលិខិតបញ្ជាក់ការទទួលអំណោយភ្លាមៗនៅនឹងកន្លែង។

បរិយាកាសក្នុងពិធីទាំងមូលមានភាពរីករាយ និងកក់ក្ដៅ ខណៈដែលប្រជាពលរដ្ឋដែលបានចូលរួម បានបង្ហាញពីការទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះបទពិសោធទស្សនា និងស្ដាប់ដ៏ថ្មីសន្លាងដែលពួកគេនឹងទទួលបាន។

    ការបរិច្ចាគនេះមិនត្រឹមតែជាការអនុវត្តជាក់ស្ដែងនៃការសហការរវាងប្រទេសចិន និងកម្ពុជា លើវិស័យជីវភាពរស់នៅ និងវិស័យឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចាក់បញ្ចូលកម្លាំងចលករថ្មីមួយ ដើម្បីជំរុញការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ទ្វេភាគីនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីររំពឹងថា នឹងយកគម្រោងនេះជាចំណុចចាប់ផ្ដើម ដើម្បីបន្តពង្រីកលំហសហប្រតិបត្តិការ និងរួមគ្នាបង្កើតទំព័រថ្មីនៃការតភ្ជាប់បេះដូងប្រជាជនរវាងចិន-កម្ពុជា និងការរៀនសូត្រពីគ្នាទៅវិញទៅមកនៃវប្បធម៌ អរិយធម៌។