ស្ថានភាពទឹកជំនន់តាមតំបន់ភាគច្រើនក្នុងប្រទេសស្រីលង្កាបានសម្លាប់មនុស្សជាង៣៦០នាក់ និង ជិត៣៧០នាក់នៅតែបាត់ខ្លួននៅឡើយទេគិតមកដល់ថ្ងៃនេះ
រូបភាពវីដេអូពីពីយន្តហោះ Drone បានបង្ហាញពីស្ថានភាពទឹកជំនន់ដ៏សាហាវដែលបានហូរហៀរនៅទូទាំងប្រទេសស្រីលង្កា ដោយបានសម្លាប់មនុស្សចំនួន ៣៦៥នាក់ និងធ្វើឱ្យមនុស្សរាប់រយនាក់ទៀតបាត់ខ្លួន។ វីដេអូពីទូរទស្សន៍ស្រីលង្កាបានបង្ហាញពីតំបន់ទីប្រជុំជនមានដូចជា Kantale និង Mullaitivu នៅភាគឦសាន នៃកោះមួយសណ្តូករហូតដល់ Kaduwela នៅខាងក្រៅរដ្ឋធានីនាភាគនិរតីគឺជន់ជោរដោយទឹកជំនន់។ អាជ្ញាធរបាននិយាយថាក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកមនុស្សបាត់ខ្លួនចំនួន៣៦៧នាក់នៅឡើយទេ។ ក្នុងនោះដែរមានមនុស្សប្រហែល ២១៨.០០០ នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នរបស់រដ្ឋ បន្ទាប់ពីរងនូវការវាយប្រហារពីភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន ដែលបានពន្លិចផ្ទះសម្បែង វាលស្រែ និងផ្លូវថ្នល់តូចធំ និងបង្កឱ្យមានហេតុការណ៍បាក់ដី ជាពិសេសនៅក្នុងតំបន់ភ្នំភាគកណ្តាលដែលជាដីកសិកម្មអំណោយផលដល់ដំណាំតែដ៏សំខាន់របស់ប្រទេសនេះដែរ ។ អាជ្ញាធរជាតិបាននិយាយថា ស្ថានភាពអាកាសធាតុប្រែប្រួលដ៏អាក្រក់នេះ បង្ករជាទឹកជំនន់បានសម្លាប់មនុស្សចំនួន៦០៤នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និង ១៧៦ នាក់នៅក្នុងប្រទេសថៃដូចគ្នាផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



