ជំនួបក្រសួងសុខាភិបាល និងUS-ASEAN ផ្តោតលើការបន្តវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាព ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបប្រតិភូ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល US-ABC អមដំណើរ ដោយប្រធាន-តំណាងក្រុមហ៊ុន។

ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក លោក Jack Myint ចំពោះការវិនិយោគកន្លងមកក្នុងវិស័យសុខាភិបាលកម្ពុជា រួមមានការចុះបញ្ជីសម្ភារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំសុខភាពប្រជាជន។

លោក Jack Myint ប្រធានគណៈប្រតិភូ US-ABC បានថ្លែងអបអរសាទរ និងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃវិស័យសុខាភិបាលកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ដោយផ្អែកលើការគោរពច្បាប់ តម្លៃសមរម្យ សុវត្ថិភាព និងគុណភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត US-ABC ឱ្យពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល រួមទាំងការកសាងសមត្ថភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្តសហគមន៍ និងពង្រីកកិច្ចសហប្រតិបត្តិការ ការថែទាំមនុស្សចាស់ ផ្នែកជំងឺ និងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាលគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ច US-ABC ដែលបានបញ្ជាក់ជំហរក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។