វិមានក្រឹមឡាំងបញ្ចេញរូបភាពវីដេអូនៃដំណើរចុះត្រួតពិនិត្យរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងឯកសណ្ឋានកងទ័ពដ៏កម្រដើម្បីបញ្ជាប្រតិបត្តិការពិសេសនៅអ៊ុយក្រែន
វិមានក្រឹមឡាំងបានចេញផ្សាយរូបភាពវីដេអូរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងឯកសណ្ឋានកងទ័ពដ៏កម្រ ស្ថិតក្នុងបេសកកម្មដើម្បីជូនដំណឹងអំពីប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ដោយមន្ត្រីយោធាជាន់ខ្ពស់នៅ បញ្ជាការដ្ឋានមួយដោយមិនបានបញ្ចេញឈ្មោះនោះទេ។ អំឡុងពេលនៃកិច្ចប្រជុំនោះដែរនាយសេនាធិការជាន់ខ្ពស់ ឧត្តមសេនីយ៍ Valery Gerasimov បានរាយការណ៍ជូនលោកប្រធានាធិបតី Putin ថា៖ កងទ័ពរុស្ស៊ីគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Pokrovsk នៅក្នុងតំបន់ Donetsk និងទីក្រុង Vovchansk ក្នុងតំបន់ Kharkiv ហើយ។ រុស្ស៊ីបានហៅទីក្រុង Pokrovsk តាមឈ្មោះសូវៀតចាស់របស់ខ្លួនថា Krasnoarmeysk។ មេបញ្ជាការកំពូលម្នាក់ទៀត គឺវរសេនីយ៍ឯក វ៉ា Valery Solodchuk បានបន្ថែមថា៖ កងកម្លាំងរុស្ស៊ីនៅតែកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមសត្រូវតូចៗដែលនៅសេសសល់នៅតំបន់ Pokrovsk ដដែល។ លោក Putin បានសរសើរចំពោះកងទ័ពដែលពាក់ព័ន្ធនឹងប្រតិបត្តិការពិសេស ដោយលោកនិយាយថាពួកគេកំពុងរក្សានូវគំនិតផ្តួចផ្តើមដោយទំនុកចិត្ត ហើយកំពុងឈានទៅមុខស្ទើរតែគ្រប់ទិសទីតែម្តង។ មិនមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីអ៊ុយក្រែនលើការអះអាងនោះទេ ដែលវាក៏មិនអាចផ្តល់នូវការផ្ទៀងផ្ទាត់ដោយឯករាជ្យបាននៅឡើយដែរ។ កាលពីថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា៖ ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ” កំពុងបន្តនៅ Pokrovsk និងទិសដៅផ្សេងទៀត។ ទីក្រុង Pokrovsk ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ជួរមុខភាគខាងកើត ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា “ខ្សែក្រវាត់បន្ទាយ” នៃទីក្រុង Donetsk នោះ។ ខ្សែបន្ទាត់នៃទីក្រុងដែលមានកំពែងរឹងមាំនេះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះការការពារតំបន់នានារបស់អ៊ុយក្រែន រួមទាំង Kramatorsk, Sloviansk និង Druzhkivka ផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



