អាជ្ញាធរខណ្ឌកំបូល ចុះចែកសេចក្តីជូនដំណឹង ពីការរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវបេតុងចូលវត្តតាភេម ដោយរក្សាគម្លាត ២,៥ ម៉ែត្រ
ភ្នំពេញ ៖ លោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល កាលព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់កំបូល ចុះពិនិត្យ និងណែនាំ បន្តចែកលិខិតជូនដំណឹង ស្ដីពីការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល។
ក្នុងឱកាសនេះ រដ្ឋបាលខណ្ឌកំបូល បានជម្រាបជូនដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដែលរស់នៅដាក់តាំងលក់ទំនិញតាមបណ្ដោយផ្លូវឱ្យធ្វើការរុះរើ ឬដកសម្ភារៈដាក់តាំង និងស្លាកយីហោផ្សេងៗ ចេញឱ្យផុតពីគម្លាត ២,៥ ម៉ែត្រ សងខាងផ្លូវ។ រយៈពេលអនុវត្តត្រូវធ្វើក្នុង ២សប្តាហ៍ ចាប់ពីថ្ងៃចែកលិខិតជូនដំណឹងតទៅ។
រដ្ឋបាលខណ្ឌ ក៏បានបញ្ជាក់ថា អាជីវករលក់ដូរចល័តដូចជា រ៉ឺម៉ក រទេះផ្លែឈើ បន្លែ ត្រីសាច់ រថយន្តគ្រប់ប្រភេទ ត្រូវបញ្ឈប់ការចត និងការរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជាដាច់ខាត។ ប្រសិនបើមានការមិនអនុវត្តតាម ស្ថាប័នផ្លូវការ នឹងចាត់វិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់ម្ចាស់អាជីវកម្មឡើយ។ ចំពោះរថយន្ត ឬមធ្យោបាយដែលចតរំលោភផ្លូវសាធារណៈ នឹងត្រូវដកហូតទៅរក្សាទុកនៅសាលាខណ្ឌជាបណ្ដោះអាសន្នផងដែរ។
ការចុះនេះ នៅតាមផ្លូវបេតុងច្រកចូលវត្តតាភេម ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ ដែលធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ជារៀងរាល់ថ្ងៃ៕



