លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំប្រជុំមន្ទីរជំនាញសម្ភារៈបច្ចេកទេស

កាលពីព្រឹក ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបនិងវាយតម្លៃវឌ្ឍនភាពការងារជំនាញមន្ទីរសម្ភារះបច្ចេកទេស ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ចាប់ផ្ដើមប្រជុំការងារតាមមន្ទីរជំនាញ គឺដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើការងារអនុវត្តកន្លងមក និងស្វែងរកចំណុចខ្វះខាតដែលអាចបង្កឲ្យមានការរាំងស្ទះដល់ការចុះអនុវត្តបទបញ្ជារបស់ថ្នាក់លើ ទោះបីជាករណីនោះមិនទាន់កើតមានក៏ដោយ ក្នុងនោះដែរ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ និងនាយការិយាល័យ ក៏បានលើកឡើងនូវបញ្ហាមួយចំនួននៅក្នុងមន្ទីរ ក៏ដូចជាការិយាល័យដើម្បីរាយការណ៍ជូនលោកឧត្តមសេនីយ៍ផងដែរ។

ក្រោយបានស្ដាប់នូវការលើកឡើងទាំងអស់រួចមក លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានដាក់បទបញ្ជានិងគោលការណ៍ដើម្បីជួយសម្រួលដល់ការងារទាំងនោះ។ ក្រៅពីសម្របសម្រួល និងដោះស្រាយ នូវបញ្ហាប្រឈមទាំងឡាយរួចមក លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើដលនាយទាហាន នាយទាហានរង ក្នុងមន្ទីរទាំងអស់ ត្រូវចេះសាមគ្គីគ្នា ចេះជួយគ្នា ព្រោះយើងជាកងរាជអាវុធហត្ថតែមួយ ធ្វើការក្នុងមន្ទីរតែមួយ ដើម្បីឲ្យមន្ទីរយើងដំណើរការទៅស្រួល និងរលូនបានលុះត្រាតែយើងចេះជួយគ្នាកុំមើលបំណាំគ្នា មានបញ្ហាអ្វីលើកដាក់លើតុក្នុងអង្គប្រជុំដើម្បីរកដំណោះស្រាយជុំគ្នា។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,ប្រធាន-អនុប្រធានមន្ទីរ ,នាយ-នាយរង ការិយាល័យ  ចំណុះឲ្យមន្ទីរសម្ភារៈបច្ចេកទេស ។ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕