រដ្ឋមន្ត្រីក្រសួងការងារជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល

រដ្ឋមន្ត្រីក្រសួងការងារជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ចំនួនប្រមាណ ៣០នាក់ ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម (AgroStudies) នៅទីក្រុងនេតានីយ៉ា រដ្ឋអ៊ីស្រាអែល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនសិក្ខាកាម និងសូមឱ្យបងប្អូនមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយយកអាសាគ្នា និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹង និងបទពិសោធ ដើម្បីបន្តការសិក្សានៅឆ្នាំទី២ ឬវិលត្រឡប់ទៅមាតុប្រទេសវិញ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានដែលបានទទួលយក និងផ្តល់ការគាំពារដល់សិក្ខាកាមខ្មែរមកធ្វើកម្មសិក្សាក្នុងវិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សា និងស្វែងយល់បន្ថែមពីស្ថានភាព និងលក្ខខណ្ឌការងារក្នុងវិស័យកសិកម្មរបស់ប្រទេសអ៊ីស្រាអែលផងដែរ៕