តុលាការបង់ក្លាដែសប្រកាសកាត់ទោសពីបទប្រព្រឹត្តិអំពើពុករលួយភាគច្រើនទៅលើស្រ្តីចេញពីគ្រួសារអតីតមេដឹកនាំដ៏មានអំណាចគឺលោកស្រី Sheikh Hasina
តុលាកាក្នុងរដ្ឋធានីប្រទេសបង់ក្លាដែស បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រីរបស់ពួកគេហើយគឺលោកស្រី Sheikh Hasina ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងក្មួយស្រីរបស់លោកស្រីដែរ គឺលោកស្រី Tulip Siddiq ដែលជាសមាជិកសភាគណបក្សពលកម្មអង់គ្លេស ឲ្យជាប់ពន្ធនាគារ២ឆ្នាំ នៅថ្ងៃចន្ទនេះ ពីបទប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងដីធ្លីរបស់រដ្ឋាភិបាល។ លោក Rabiul Alam ជាចៅក្រមពិសេសរបស់ទីក្រុងដាកាបាននិយាយថា លោកស្រី Hasina បានប្រើប្រាស់អំណាចរបស់ខ្លួនខុស ក្នុងនាមជានាយករដ្ឋមន្ត្រី ខណៈដែលលោកស្រី Siddiq ជាក្មួយស្រីគឺមានទោសពីបទពាក់ព័ន្ធនឹងអំពើពុករលួយបន្ថែមដែលហ៊ានរត់ការជួយម្តាយមីងរបស់ខ្លួន និងបងប្អូនពីរនាក់របស់លោកស្រី ទទួលបានដីឡូត៍មួយកន្លែង ក្នុងគម្រោងសាងសង់រដ្ឋាភិបាលបង់ក្លាដែស្ស។ ម្តាយរបស់លោកស្រី Siddiq គឺលោកស្រី Sheikh Rehana ដែលជាបងស្រីលោកស្រី Hasina ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំដែរ ហើយត្រូវបានចាត់ទុកថាជាអ្នកចូលរួមចំណែកដ៏សំខាន់នៅក្នុងសំណុំរឿងនេះ។ ចៅក្រមក៏បានពិន័យជាប្រាក់ដល់ជនជាប់ចោទទាំងបីនាក់ក្នុងម្នាក់ៗចំនួន ៨១៣ដុល្លារអាម៉េរិកនិងបានបញ្ជាឱ្យលុបចោលដីឡូត៍ដែលបានបែងចែកសម្រាប់លោកស្រី Rehana ចោល។ ក្នុងនោះក៏មានជនសង្ស័យចំនួន១៤នាក់ផ្សេងទៀតដែរ។ ចំណែកលោក Khan Mohammed Mainul Hasan ជាព្រះរាជអាជ្ញានៃអង្គការឃ្លាំមើលអំពើពុករលួយ បាននិយាយថា ពួកគេក៏បានរកឃើញភស្តុងតាងសំខាន់ៗនានាដែរ ដែលអាចធ្វើឲ្យជនចោទខ្លះត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ ព្រះរាជអាជ្ញាបាននិយាយថា៖ លោកស្រី Siddiq ត្រូវបានកាត់ទោសជាពលរដ្ឋបង់ក្លាដែស ហើយពួកគេបានទទួលលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណជាតិរបស់លោកស្រី និងលេខពន្ធដារបានផងដែរ។ ប៉ុន្តែលោកស្រី Siddiq បានជំទាស់នឹងការអះអាងនេះ ហើយបាននិយាយថា លោកស្រីជាពលរដ្ឋអង់គ្លេស មិនមែនជាពលរដ្ឋបង់ក្លាដែសនោះទេ។ លោកស្រី Siddiq ដែលជាតំណាងឱ្យតំបន់ Hampstead និង Highgate នៃទីក្រុងឡុងដ៍នៅក្នុងសភាអង់គ្លេស ពីមុនបានបដិសេធការចោទប្រកាន់ទាំងអស់នេះដែរ ហើយលោកស្រីបាននិយាយថា ការកាត់ក្តីនេះជារឿងកំប្លែងពេកហើយ។ នៅក្នុងសំណុំរឿងបីផ្សេងគ្នាដែលពាក់ព័ន្ធនឹងគម្រោងឃុំឃិតដូចគ្នានេះ កន្លងទៅក៏មាន តុលាការផ្សេងមួយទៀតបានកាត់ទោសឲ្យលោកស្រី Hasina ជាប់ពន្ធនាគារ២១ឆ្នាំដែរកាលពីថ្ងៃទី២៧ខែវិច្ឆិកា ។ កូនប្រុស និងកូនស្រីរបស់លោកស្រី Hasina ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំឆ្នាំក្នុងម្នាក់ៗផងដែរ បន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំផ្តួលរំលំអំណាចម្តាយរបស់ពួកគេដោយយុវជន Gen Z ។ បច្ចុប្បន្នប្រទេសកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយបេក្ខជនឈ្នះរង្វាន់ណូបែលសន្តិភាពគឺលោក Muhammad Yunus ដែលបានប្រកាសថាការបោះឆ្នោតសភាក្នុងប្រទេសចុងក្រោយនេះនឹងត្រូវធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០២៦៕
សម្រួលអត្ថបទ៖ សុផារិន្ទ



