ឯកឧត្តម តាន់ ផាន់ណារ៉ា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ

នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដើម្បីយកមកចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ពិធីនេះ បានប្រារព្ធឡើងនៅវត្ដសុវណ្ណសិក្ខារាមព្រៃចាន់ ដោយមានការអញ្ជើញចូលរួមពីលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក Steve Hyde ប្រធានសមាគមផ្តល់ភាពញញឹមកម្ពុជា ព្រមទាំងអាជ្ញាធរដែនដី និងសហការីជាច្រើនរូប។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលបាន យកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់នេះ ទាំងមូល។ ឯកឧត្តម បានមានប្រសាសន៍លើកទឹកចិត្ត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពឈ្លៀសវៃប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសូមគាំទ្រចំពោះយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុង តែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំង ប្រទេស។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននាំយកនូវអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់មានដូចជា បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដែលជាសណ្តានចិត្តដ៏ជ្រះថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ប្រមាណ២៧១គ្រួសារនាពេលនេះ។

ក្នុងឱកាសនេះដែរ លោក Steve Hyde ប្រធានសមាគមផ្តល់ភាពញញឹមកម្ពុជា ក៏បានបង្ហាញអំពីទឹកចិត្តស្រឡាញ់របស់សមាគមផ្តល់ភាពញញឹមកម្ពុជា ដែលតែងតែបង្ហាញអំពីក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃនេះ។ ជាក់ស្តែងកាលពីអំឡុងពេលនៃជម្លោះកម្ពុជា-ថៃកន្លងទៅ លោកប្រធានសមាគមផ្តល់ភាពញញឹមកម្ពុជា បានស្វះស្វែងជួយដល់កុមារា កុមារីកម្ពុជា ដែលជាសិស្សានុសិស្សបានសិក្សារៀនសូត្រ ស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងសមាគមរបស់លោក ដែលបានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់សមាគមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមជួយដល់កុមារា កុមារី បានសិក្សារៀនសូត្របន្ថែម ដើម្បីជាទំពាំងស្នងឬស្សីសម្រាប់កម្ពុជានាពេលអនាគត៕