អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិលើកទី ៥

នាព្រឹកថ្ងៃ ចន្ទ ទី ១ ខែ ធ្នូ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា-ភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថា្នក់ក្រោមជាតិ (ក.វ.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រង “មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” លើកទី ៥ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រមទាំងក្រុមការងារនៃលេខាធិការដ្ឋាន ក.វ.ក ដោយកិច្ចប្រជុំ បានផ្តោតលើរបៀប-វារៈសំខាន់ៗ ដូចខាងក្រោម៖
– របាយការណ៍វឌ្ឍនភាពអនុវត្តការងារ ពីឆ្នាំ ២០១៧ ដល់ ២០២៥,
– សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង ស្រុក, និង
– ផែនការសកម្មភាព និងគម្រោងថវិកា ឆ្នាំ ២០២៦ ។

“មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ផ្អែកលើកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ “មូលនិធិ” នេះ ជាយន្តការសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ការលើកទឹកចិត្ត តាមរយៈការប្រកួតប្រជែងវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ ។ ចាប់ពីឆ្នាំ ២០១៧ មកដល់ឆ្នាំ ២០២៥,​ រដ្ឋបាល ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស បានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ថវិកា​វិនិយោគសរុបចំនួន​ ២៩,៤ លានដុល្លារអាមេរិក (១៣,៥លានដុល្លារពីថវិការដ្ឋ និង ១៥,៩ ពីថវិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB) ត្រូវបានបែងចែកជូន រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យលាភី ចំនួន១៤១ ។ តាមរយៈថវិកាលើកទឹកចិត្តដែលទទួលបានពីការប្រកួតប្រជែងបានផ្តល់លទ្ធភាពបន្ថែមដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងការយកទៅប្រើប្រាស់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមានផ្លូវបេតុង, ផ្លូវចាក់កៅស៊ូ DBST, ផ្លូវក្រួសក្រហ,ម ស្ពាន, លូ, សួនច្បារ, បង្គោលភ្លើងសូឡា និងប្រឡាយទឹក នៅមូលដ្ឋានរបស់ខ្លួន ។

ជាលទ្ធផល, អង្គប្រជុំ បានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាល ក្រុង ស្រុក(ថ្មី)” ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០២៦ តទៅ ដែលគោលការណ៍ណែនាំថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាឧបករណ៍វាយតម្លៃ(សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ដើម្បីចូលរួម ពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្រ្តមួយដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

អង្គប្រជុំ ក៏បានបន្តពិនិត្យ អំពីផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ ២០២៦ របស់លេខាធិការដ្ឋានក.វ.ក ។ ​​ក្នុងឆ្នាំ ២០២៦, លេខាធិការដ្ឋាន ក.វ.ក គ្រោងនឹងធ្វើការវាយតម្លៃសមិទ្ធកម្ម រដ្ឋបាលក្រុង ស្រុក គោលដៅទូទាំងប្រទេស ។ ក្នុងន័យនេះ, រដ្ឋបាលក្រុង ស្រុកដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន១៥ នឹងត្រូវបានជ្រើសរើសជារដ្ឋបាល ក្រុង ស្រុកជ័យលាភី ដោយក្នុងមួយរដ្ឋបាលក្រុង​ ស្រុក អាចនឹងទទួលបានថវិកាលើកទឹកចិត្តជាមធ្យមចំនួន ៤១៣ លានរៀល ។

ផ្នែកលើជោគជ័យនៃការអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិនាប៉ុន្មានឆ្នាំកន្លងមកនេះ, ឯក-ឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ ក៏បានគូសរំលេចពីការពង្រីកវិសាលភាពការអនុវត្តមូលនិធិនេះ ដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាផ្ដល់ធនធនបន្ថែម ដើម្បីអភិវឌ្ឍមូលដ្ឋាន ។

ជាទីបញ្ចប់, ឯកឧត្ដម​អគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល “មូលនិធិ-វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានការពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ ប្រកបដោយការទទួលខុស​ត្រូវខ្ពស់ រហូតសម្រេច សមិទ្ធផលគួរឲ្យកត់សម្គាល់ និងគួរជាទីមោទន និងបានស្នើគ្រប់ ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នា ដើម្បីជំរុញការអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេច​តាម​គោល-ដៅ​ដែលបាន​គ្រោងទុក ​។