ជ័យលាភីនៃកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពីនីតិមនុស្សធម៌ឆ្នាំ២០២៥

បន្ទាប់ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃកន្លងមកនេះ ក្រុមនិស្សិតច្បាប់
មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បានទទួលជ័យលាភីពីការប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីនីតិមនុស្សធម៌អន្ដរជាតិឆ្នាំ២០២៥ ដែលរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
(អ.វ.ត.ក.) រួមសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ចំណែកនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ។ នេះបើតាមលទ្ធផលដែលប្រកាសនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ដល់និស្សិតជ័យលាភី ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ
អ.វ.ត.ក. បានសម្តែងនូវការសាទរចំពោះម្ចាស់ជ័យលាភី និងបានចាត់ទុកការប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពី
នីតិមនុស្សធម៌អន្តរជាតិនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដែលក្រុមនិស្សិតអាចចាកចេញពីបន្ទប់រៀនមកអនុវត្តផ្ទាល់ក្នុងបន្ទប់សវនាការ។ ឯកឧត្តមបានជំរុញឱ្យក្រុមជ័យលាភីបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមប្រកួតសវនាការប្រឌិតថ្នាក់តំបន់នៅពេលខាងមុខ ព្រមទាំងបានលើកទឹកចិត្តដល់និស្សិតដែលពុំបានទទួលជ័យលាភី ត្រូវប្រឹងប្រែងបន្ថែម ដើម្បីចូលរួមប្រកួតលើកក្រោយទៀត។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានបន្ថែមថា អ.វ.ត.ក. គឺជាតុលាការកូនកាត់ដំបូងគេបង្អស់ដែលសម្រេចបាននូវដំណើរការកាត់សេចក្តីមួយប្រកបដោយយុត្តិធម៌និងការផ្សះផ្សាជាតិ។ សមិទ្ធផលនេះគឺជាការរួមចំណែកយ៉ាងសំខាន់របស់ អ.វ.ត.ក. ក្នុងការលុបបំបាត់នូវវប្បធម៌និទណ្ឌភាព ដោយបានផ្តន្ទាទោសកម្រិតខ្ពស់បំផុតលើមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ការចូលរួមក្នុងការរក្សាសន្តិភាព និងយុត្តិធម៌សង្គម។
ឯកឧត្តមបានគូសបញ្ជាក់ថា “ដោយមើលឃើញពីសារសំខាន់នៃកេរដំណែលរបស់ អ.វ.ត.ក. រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតស្ថាបនអចិន្ត្រៃយិ៍មួយដើម្បីបន្តគ្រប់គ្រង និងថែរក្សាកេរដំណែលជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. នេះ សម្រាប់ទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ និងប្រជាជនទូទាំងពិភពលោក ក្នុងការសិក្សាស្រាវជ្រាវទៅថ្ងៃ
អនាគត។ ជាមួយគ្នានេះដែរ ស្ថាប័នអចិន្ត្រៃយិ៍ដែលគ្រោងនឹងបង្កើតនេះ អាចនឹងបន្តកិច្ចសហការជាមួយ ICRC និងសាកលវិទ្យាល័យជាដៃគូទាំងអស់ ដើម្បីបន្តរៀបចំកម្មវិធីនេះនាពេលអនាគត ”។
សូមជម្រាបថា កម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីមនុស្សធម៌អន្តរជាតិឆ្នាំ២០២៥ នេះ គឺជាការរៀបចំលើកទី៣របស់ អ.វ.ត.ក. និងមានការចូលរួមពីក្រុមនិស្សិតច្បាប់ចំនួន៨ក្រុមមកពីសាកលវិទ្យាល័យចំនួន៤ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យបញ្ញាសាស្ដ្រ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ។