តំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែនត្រូវរងការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះ Drone ចុងក្រោយ របស់រុស្ស៊ីចំនួន១២២គ្រឿង 

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនពេញមួយយប់រហូតដល់ថ្ងៃអាទិត្យម្សិលមិញនេះបានសម្លាប់មនុស្សម្នាក់ និងរបួស ១៩នាក់ផ្សេងទៀត ក្នុងនោះមានកុមារចំនួន៤នាក់ដែរ នេះបើយោងតាមមន្ត្រីក្នុងមូលដ្ឋាន។ ការវាយប្រហារដោយ Drone លើអគារផ្ទះល្វែង៩ជាន់មួយនៅក្នុងទីក្រុង Vyshhorod ក្នុងតំបន់ Kyiv។ មន្ត្រីបាននិយាយថាមនុស្ស១៤៦ នាក់ត្រូវបានគេជម្លៀសចេញពីអគារខ្ពស់ៗ ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តពេញមួយយប់តែម្តង។ នៅកន្លែងផ្សេងទៀត បំណែកមីស៊ីលរុស្ស៊ីមួយផ្សេងទៀតក៏ត្រូវបានគេយកចេញពីទីធ្លាឯកជនក្នុងតំបន់ Chernihiv ដែរ។ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងរបួសនៅក្នុងការវាយប្រហារនោះទេ។ នៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram កាលពីថ្ងៃអាទិត្យនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើក១២២គ្រឿង និងមានមីស៊ីលផ្លោងមកជាមួយ។ កាលពីថ្ងៃសៅរ៍ ការវាយប្រហារបានធ្វើឡើងទាំងក្នុងនិងជុំវិញទីក្រុង Kyiv ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងរាប់សិបនាក់ទៀតរងរបួស នេះបើតាមយោងសំដីមន្ត្រីរបស់លោក។ ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលមន្ត្រីរដ្ឋបាលកំពូលរបស់លោក Donald Trump បានជួបជាមួយអ្នកចរចាអ៊ុយក្រែននៅរដ្ឋ Florida កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យមានកិច្ចសម្របសម្រួលបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន និងរៀបចំជំនួបផ្ទាល់សម្រាប់កិច្ចពិភាក្សាសំខាន់ៗដែលបានគ្រោងទុកនៅសប្តាហ៍នេះនៅទីក្រុងមូស្គូជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ