
លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌា ប្រារព្ធខួបលើកទី ៥៨ នៃទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)

ល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតឥណ្ឌាប្រចាំនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីមួយ នាសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីប្រារព្ធខួបលើកទី ៥៨ នៃទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដោយមានវត្តមាន លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌា លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីអតីតនិស្សិត ITEC និងឥស្សរជនក្នុងស្រុក និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត។
ITEC ដែលជាកម្មវិធីកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏ជោគជ័យបំផុតរបស់ប្រទេសឥណ្ឌា ផ្តល់ជំនួយបច្ចេកទេស វគ្គបណ្តុះបណ្តាល ការកសាងសមត្ថភាពដល់ប្រទេសជាដៃគូក្នុងវិស័យជាច្រើនរួមមាន IT ធនាគារ រដ្ឋបាល សវនកម្ម វិទ្យាសាស្រ្តដល់បុគ្គលិកស៊ីវិល និងការពារជាតិ។
ប្រជាជនជាង ២០០.០០០នាក់ នៅក្នុងប្រទេសចំនួន១៦០ដែលជាដៃគូសហប្រតិបត្តិការ បានទាញយកអត្ថប្រយោជន៍ពីកម្មវិធីផ្សេងៗដែលផ្តល់ដោយប្រទេសឥណ្ឌាក្រោមកម្មវិធី ITEC ហើយសូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីត១៩ ឥណ្ឌាក៏នៅតែបានផ្តល់ជូនដល់ប្រទេសដៃគូរបស់ខ្លួនតាមរយៈកម្មវិធី ITEC ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង ២០០០នាក់ ដែលបម្រើការងារក្នុងក្រសួង នាយកដ្ឋាន ស្ថាប័នស្វយ័តនានា ដូចជា ធនាគារជាតិនៃកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាជ្ញាធរសកម្មភាពមីន និងជំនួយជនរងគ្រោះ បណ្ឌិត្យសភានគរបាលកម្ពុជា ជាដើម បានទទួលអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលនេះ។