ពិធីពិព័រណ៍ពាណិជ្ជកម្ម ស្ដីពីការកែច្នៃអាហារ របស់វិទ្យាល័យគោលដៅទាំង៥ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ
អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា (Lutheran Hope Cambodia Organization) បានប្រារព្ធពិធី “ពិព័រណ៍ពាណិជ្ជកម្ម ស្តីពីការកែច្នៃអាហារ” នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ)។ អង្គពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក អនដ្រេ ខាល់ (Ondrej Cakl) អ្នកសម្របសម្រួលគម្រោង នៃអង្គការដាយកូនៀប្រចាំប្រទេសកម្ពុជា និងលោកស្រី ថៃ បូណេ នាយិកាប្រតិបត្តិ នៃអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា។ អង្គពិធីនេះមានអ្នកចូលរួមសរុបចំនួន២៧០នាក់ ដែលជាសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យគោលដៅចំនួន០៥ នៃគម្រោងក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ សាស្ត្រាចារ្យ និងគ្រូបណ្តុះបណ្តាលមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម មន្ត្រីអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើននាក់ទៀត។ សាលាគោលដៅទាំង៥ នៃគម្រោងរួមមាន៖ ១. វិទ្យាល័យមិត្តភាពខ្មែរ ជប៉ុនសាមគ្គីមានជ័យ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ២. វិទ្យាល័យហ៊ុនសែនក្រាំងស្រម៉ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៣. វិទ្យាល័យហ៊ុនសែន ទឹកផុស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៤. វិទ្យាល័យហ៊ុន សែន សំរោង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និង ៥. វិទ្យាល័យហ៊ុនសែន អន្លង់ជ្រៃ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
គោលបំណងសំខាន់ នៃអង្គពិធីគឺ “ដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលម្ហូបអាហារកែច្នៃ ដែលផលិតដោយសិស្សានុសិស្ស នៃសាលាគោលដៅ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមអ្នកចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់”។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ពាណិជ្ជកម្មស្តីពីការកែច្នៃអាហារតាមសាលារៀននេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនទៀត នៃគម្រោង “កសាងជំនាញ បំណិន ជីវិតដល់សិស្សានុសិស្សតាមវិទ្យាល័យ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង” ដែលបាន និងកំពុងអនុវត្តដោយ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា ក្រោមជំនួយមូលនិធិពីទីភ្នាក់ងារអភិវឌ្ឍន៍ ឆែក (Czech Development Agency) តាមរយៈអង្គការដាយកូនៀ (Diaconia) ប្រចាំនៅប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃគម្រោងនេះគឺៈ ១). ដើម្បីលើកកម្ពស់គុណភាពជីវិត និងភាពធន់របស់សហគមន៍ជនបទនៅកម្ពុជា និង ២). បង្កើនចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តដល់សិស្សានុសិស្ស និងសហគមន៍ ក្នុងវិស័យកសិកម្ម វារីវប្បកម្ម និងជំនាញព័ត៌មានវិទ្យា (ICT) សម្រាប់ការបង្កើនសមត្ថភាពរកប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ។ គម្រោងនេះបានផ្តោតជាសំខាន់ទៅលើ ការកែឆ្នៃអាហារ និងសម្ងួត ដោយពន្លឺព្រះអាទិត្យ វារីវប្បកម្ម និងព័ត៌មានវិទ្យា និងការដាំបន្លែដោយប្រើប្រព័ន្ធតំណក់ទឹក (Hydroponics)។
ជាលទ្ធផល គម្រោងនេះបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្សចំនួន៣,៦៨៧ នាក់ (ស្រី ២,០៧២នាក់) និងលោកគ្រូ អ្នកគ្រូចំនួន១០នាក់ នៅសាលាគោលដៅទាំង០៥៕



