គណប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលានៅខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណប្រតិភូកម្ពុជាបានចូលរួមពិធីបើកសិក្ខាសាលា កម្មវីធីសិក្សាគុណភាព និងកិច្ចសន្ទនាទេពកោសល្យយុវជន ឡានឆាង-មេគង្គ នៅក្រុងឈូជីង ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ សិក្ខាសាលានេះបានធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ នៃប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាប្រទេសជាប់ទន្លេមេគង្គទាំងប្រាំរួមមាន កម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ហើយក៏មានការចូលរួមពីប្រទេសឥណ្ឌូនេស៉ី និងប្រទេសបង់ក្លាដេសផងដែរ។ គួរបញ្ជាក់ផងដែរ កម្មវីធីសោតទស្សន៍ ឡានឆាង-មេគង្គ មានបំណងលើកកម្ពស់វប្បធម៌នៃតំបន់ទន្លេឡានឆាង-មេគង្គ និងគោលគំនិតអំពីសហគមន៍វាសនារួមមនុស្សជាតិ តាមរយៈភាសានៃខ្សែរភាពយន្ត ព្រមទាំងបង្កើតវេទិការសម្រាប់ការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ និងការតាំងពិព័រណ៍អំពីខ្សែរភាពយន្តក្នុងតំបន់។ នៅក្នុងន័យនេះ ទូរទស្សន៍ជាតិកម្ពុជា ធ្លាប់បានសហការជាមួយទូរទស្សន៍ជាតិឡាវ និងក្រុមប្រព័ន្ធផ្សព្វផ្សាយយូណានរបស់ប្រទេសចិន បង្កើតខ្សែភាពយន្តឯកសារ “កម្ពុជា-ឡាវដ៏ស្រស់ស្អាត” ដែលនេះបង្ហាញពីភាពភ្លឺស្វាងនៃភាពជាដៃគូអន្តរជាតិដ៏ជោគជ័យ។ ហើយកិច្ចសហការនេះបានបម្រើជាគំរូដ៏ជោគជ័យមួយសម្រាប់របៀបដែល ទូរទស្សន៍ជាតិកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីធនធាន និងជំនាញក្នុងស្រុករបស់ខ្លួនក្នុងភាពជាដៃគូអន្តរជាតិដោយផ្អែកលើការចូលរួមចំណែកទៅវិញទៅមក និងភាពជាម្ចាស់កម្មសិទ្ធិរួមគ្នា។