ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ ! ខេត្តព្រះសីហនុ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ដើម្បីជំរុញចីរភាព និងសោភ័ណភាព
ខេត្តព្រះសីហនុ បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» ក្នុងគោលបំណងចម្បងលើក កម្ពស់ការយល់ដឹង និងជំរុញចលនារួមគ្នាពីមជ្ឈដ្ឋានទូទៅ។
ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ។
គោលបំណងនៃទិវានេះគឺ
-ជំរុញចលនាចូលរួម ពីគ្រប់ស្រទាប់វណ្ណៈ (ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស) ក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពនៅគ្រប់ទីកន្លែង។
-លើកកម្ពស់ការយល់ដឹង ពីសារៈសំខាន់នៃការគ្រប់គ្រងសំរាម សំណល់រឹង ស្របតាមយុទ្ធសាស្ត្រចក្រា ៣ សសរស្តម្ភ (ភាពស្អាត ភាពបៃតង និងចីរភាព) ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាល។
-កសាងសង្គម ឱ្យមានបរិស្ថានល្អស្អាត និងការរស់នៅប្រកបដោយចីរភាព។
នាឱកាសនោះ លោក ឡុង ឌីម៉ង់ បានជំរុញឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញឆន្ទៈស្រលាញ់ទឹកដី តាមរយៈការអនុវត្តសកម្មភាពមេត្រីភាពបរិស្ថានងាយៗប្រចាំថ្ងៃ ដូចជា៖
-ការធ្វើអនាម័យនៅលំនៅដ្ឋាន និងទីសាធារណៈ។
-ការទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ។
-ការដាំដើមឈើដើម្បីបង្កើនភាពបៃតង។
លោកមានសុទិដ្ឋិនិយមថា ទិវានេះនឹងក្លាយជាចលករជំរុញឲ្យមានការទទួលខុសត្រូវខ្ពស់លើបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ។



