រដ្ឋ Alaska របស់សហរដ្ឋអាមេរិករងគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រ ក្នុងតំបន់ Anchorage ហើយវាជារដ្ឋមួយងាយរងគ្រោះរញ្ជួយដី បំផុតនៅអាម៉េរិកជារៀងរាល់ឆ្នាំ

រញ្ជួយដីកម្រិត៦រ៉ិចទ័របានរញ្ជួយក្នុងតំបន់ទីប្រជុំជន Anchorage នាព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាម៉េរិក) នេះបើយោងតាមការស្ទាបស្ទង់របស់ក្រុមភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS )។ រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា៨និង១១ព្រឹកម៉ោងក្នុងស្រុក ក្នុងជម្រៅ ៦៩ គីឡូម៉ែត្រ។ ចំណុចរញ្ជួយកណ្តាលរបស់វាគឺស្ថិតនៅលើទីតាំងមួយមានចម្ងាយ១២គីឡូម៉ែត្រភាគពាយ័ព្យនៃតំបន់ Susitna រដ្ឋអាឡាស្កា របស់អាម៉េរិក ដែលជាតំបន់មួយមានចម្ងាយប្រហែលជា១០៨គីឡូម៉ែត្រក្នុងភាគពាយ័ព្យនៃទីក្រុងដែរ។ មិនមានរបាយការណ៍ភ្លាមៗស្តីអំពីទំហំខូចខាតធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរក្រុងក៏មិនបានរកឃើញនូវបញ្ហាណាមួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗបន្ទាប់ពីករណីរញ្ជួយដីនោះដែរ នេះបើយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អភិបាលក្រុង Anchorage គឺលោកស្រី Suzanne LaFrance។ ចំពោះប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋអាឡាស្កាគឺជារដ្ឋដែលងាយរងគ្រោះរញ្ជួយដីបំផុតនៅសហរដ្ឋអាមេរិក និងជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសកម្មភាពរញ្ជួយដីច្រើនដែរនៅលើពិភពលោក នេះបើយោងតាមទីភ្នាក់ងារ USGS។ រដ្ឋនេះតែងតែជួបប្រទះនឹងការរញ្ជួយដីកម្រិតចន្លោះ៧រ៉ិចទ័រស្ទើរតែជារៀងរាល់ឆ្នាំតែម្តង។ ទូរទស្សន៍ក្នុងស្រុក KTUU បានរាយការណ៍ថាករណីរញ្ជួយដីនៅថ្ងៃព្រហស្បតិ៍នេះ(ម៉ោងនៅអាម៉េរិក)នេះគឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតមួយដែរដែលបានវាយប្រហារតំបន់ភាគខាងត្បូង និង ភាគកណ្តាលនៃរដ្ឋអាឡាស្កាចាប់តាំងពីឆ្នាំ ២០២១មក៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ