ចំនួនមនុស្សស្លាប់កើនដល់៩៤នាក់ក្នុងហេតុការណ៍ឆាបឆេះអគារលំនៅដ្ឋាននៅហុងកុង! ដោយអគារចំនួន៦ឆេះខ្លោចគ្មានសល់ ក្នុងចំណោមអគារទាំង៨ខ្ពស់ៗ
ចំនួនមនុស្សស្លាប់ដោយសារអគ្គីភ័យដ៏ធំនៅតំបន់លំនៅដ្ឋានក្នុងទីក្រុងហុងកុងបានកើនឡើងដល់ ៩៤នាក់ហើយ ខណៈដែលប្រតិបត្តិការពន្លត់អគ្គីភ័យស្ទើរតែបានបញ្ចប់ទៅហើយ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ (FSD) នៅព្រឹកថ្ងៃសុក្រទី២៨វិច្ឆិកានេះ។ អគ្គីភ័យបានឆាបឆេះនៅក្នុងតំបន់ Wang Fuk Court ដែលជាតំបន់លំនៅដ្ឋានស្ថិតក្នុងសង្កាត់ Tai Po នៃទីក្រុងហុងកុងកាលពីថ្ងៃពុធ។ ក្រុម FSD បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃសុក្រនេះថា៖ FSD នៅតែកំពុងធ្វើសកម្មភាពពន្លត់អគ្គីភ័យដោយរួមចំណែកពីអង្គភាពចំនួន៤និងអង្គភាពផ្សេងទៀតដើម្បីកិច្ចពារការផ្ទុះឡើងនៃអគារដែលបៀមកំដៅភ្លើង។ ក្រុម FSD បាននិយាយទៀតថា អ្នកពន្លត់អគ្គីភ័យនឹងចូលរួមជាមួយអង្គភាពនានាទាំងអស់ដើម្បីចូលទៅក្នុងអគារដែលរងផលប៉ះពាល់អគារទី៧ ដើម្បីស្វែងរកអ្នកស្រុកដែលជាប់គាំង និងបន្ថែមថា៖ ការស្វែងរកមនុស្សត្រូវបានគេរំពឹងទុកនឹងបញ្ចប់នៅវេលាព្រឹកថ្ងៃសុក្រនេះតែម្តង។ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបង្កើតជម្រកសង្គ្រោះបន្ទាន់ចំនួន៩សម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់ដោយអគ្គីភ័យឆាបឆេះដ៏អាក្រក់មិនធ្លាប់មាននេះនៅហុងកុង។ សកម្មភាពផ្តល់ជំនួយ និងការគាំទ្រជាច្រើនបានបន្តមកដល់អ្នករងគ្រោះដែលត្រូវការបំផុត។ ការបរិច្ចាគអាហារ ទឹកស្អាត និងសម្លៀកបំពាក់បានមកដល់ជាបាច់ៗមកកាន់ជម្រកសង្គ្រោះបន្ទាន់។ សូមរំលឹកថាតំបន់អគារ Wang Fuk Court គឺជាអគារលំនៅដ្ឋានមានតម្លៃសមរម្យ ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៩៨៣ មានលំនៅដ្ឋានសម្រាប់ប្រជាជនប្រមាណជា ៤៨០០នាក់ ក្នុង១៩៨៤ Unite។ អំឡុងពេលដែលអគ្គីភ័យបានឆាបឆេះអគារទាំង៨នោះគឺត្រូវបានហ៊ុំព័ទ្ធដោយសំណាញ់ពណ៌បៃតង និងរនាំងដោយសារតែវាស្ថិតក្នុងគម្រោងជួសជុលទ្រង់ទ្រាយធំមួយ ហើយអគ្គីភ័យបានចាប់ផ្តើមឆេះពីអគារមួយទៅអគារមួយដោយរាលដាលយ៉ាងឆាប់រហ័សពីកម្លាំងជម្រុញខ្យល់បោកបក់ផង ដែលធ្វើឲ្យអគារចំនួន៦ក្នុងចំនោម៨ត្រូវឆេះខ្លោចគួរឲ្យសង្វេគបែបនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



