ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល និងដាក់ចេញ វិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ
ខេត្តបាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅ សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជា ពោធិ៍សាត់, បាត់ដំបង,បន្ទាយមានជ័យ និងកំពង់ធំ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្តោតលើការ ត្រួត ពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ ទៅលើលទ្ធផលនៃការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានបញ្ចេញតាមរយៈ ARDB ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងធានាបាននូវការប្រមូលទិញស្រូវពីកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
បញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយកិច្ចប្រជុំបានវាយតម្លៃទៅលើបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតមាននៅក្នុងវិស័យស្រូវអង្ករ រួមមាន៖
* ១. មូលហេតុនៃតម្លៃស្រូវធ្លាក់ចុះ: តំណាងរោងម៉ាស៊ីន និង CRF បានលើកឡើងថា ការធ្លាក់ចុះតម្លៃស្រូវនាពេលបច្ចុប្បន្ន មិនត្រឹមតែកើតឡើងដោយកត្តាប្រមូលផលក្នុងស្រុកច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងដោយឥទ្ធិពលចម្បងពី កត្តាទីផ្សារសកល និងការប្រកួតប្រជែងតម្លៃដ៏ខ្លាំងក្លា ជាមួយប្រទេសជិតខាង និងអន្តរជាតិ ជាពិសេសក្រោយពេលដែលប្រទេសនាំចេញអង្ករធំៗមានការប្រែប្រួលគោលនយោបាយ និងការបញ្ចេញស្តុក (ដូចជាប្រទេសឥណ្ឌា) ធ្វើឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិមានភាពប្រែប្រួលយ៉ាងគំហុក។
* ២. បញ្ហាឃ្លាំងស្តុកស្រូវ: ដោយសារតែរោងម៉ាស៊ីននានា បានបន្តខិតខំប្រើប្រាស់កម្ចីមូលនិធិពិសេសនេះ ប្រមូលទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាព ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃ និងជួយជីវភាពកសិករ ជាហេតុធ្វើឱ្យ ឃ្លាំងស្តុកស្រូវ/អង្ករមានសភាពពេញលឿនហួសពីសមត្ថភាពផ្ទុក ដែលជាសម្ពាធធំសម្រាប់រដូវប្រមូលផលខាងមុខ។
* ៣. ការប្រកួតប្រជែងទីផ្សារអន្តរជាតិ: បញ្ហាប្រឈមនៃ តម្លៃអង្ករកម្ពុជា ដែលពិបាកប្រកួតប្រជែងជាមួយអង្ករថៃ និងវៀតណាម លើទីផ្សារអន្តរជាតិនៅតែក្តៅគគុក ទាមទារឱ្យមានការចរចារ និងយុទ្ធសាស្ត្រនាំចេញថ្មី។
ដំណោះស្រាយ និងវិធានការបន្ទាន់ដែលដាក់ចេញ÷
ដើម្បីដោះស្រាយស្ថានការណ៍នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្ររួមមាន៖
* ការបង្កើនលំហូរទុនបន្ថែម: ARDB នឹងត្រៀមខ្លួន បន្តបញ្ចេញកញ្ចប់ឥណទាន ប្រកបដោយភាពបត់បែន ដើម្បីធានាលទ្ធភាពប្រមូលទិញស្រូវនៅរដូវខាងមុខ។
* យន្តការលក់ចេញ និងទីផ្សារ: ឯកឧត្តមបណ្ឌិត លើកទឹកចិត្ត ដល់ ឧកញ៉ា ឡាយ ឈុនហួ ប្រធាន CRF បន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បី ពង្រឹងយុទ្ធសាស្ត្រនាំចេញ និងស្វែងរកទីផ្សារដែលមានតម្លៃល្អជាងមុន ព្រមទាំងជំរុញការកែច្នៃអង្ករប្រភេទពិសេសៗ ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែង។
* ការរៀបចំផែនការផលិតកម្ម: ជំរុញឱ្យរោងម៉ាស៊ីន និងកសិករ ចុះកិច្ចសន្យាកសិកម្ម និងផ្តោតលើការដាំដុះពូជស្រូវដែលទីផ្សារត្រូវការខ្ពស់ដើម្បីកាត់បន្ថយហានិភ័យពីការធ្លាក់ចុះតម្លៃ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយការសន្យាថានឹងមានការសហការគ្នាយ៉ាងសកម្មរវាងរដ្ឋាភិបាលតាមរយៈ ARDB និងវិស័យឯកជន (CRF និងរោងម៉ាស៊ីន) ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវ និងធានាបាននូវនិរន្តរភាពក្នុងវិស័យកសិកម្ម៕



