កម្ពុជាត្រៀមសម្ពោធរោងចក្រផលិត រថយន្តអគ្គិសនី BYD ជាផ្លូវការ ក្នុងខែធ្នូ ឆ្នាំ ២០២៥នេះ ក្រោមទុនវិនិយោគ ៣១ លានដុល្លារ !
ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការការពារសន្តិសុខ និងសុវត្ថិភាពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ក្នុងឱកាសដែលសម្ដេច និងលោកជំទាវគ្រោងនឹងអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ។ រោងចក្រនេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ហើយពិធីសម្ពោធគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះឯកឧត្តម យូ ស៊ុនឡុង បានមានប្រសាសន៍សង្កត់ធ្ងន់លើការត្រួតពិនិត្យទីតាំង សម្រាប់កម្មវិធីរៀបចំសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា គ្រប់ភាគីត្រូវរៀបចំ ផែនការការពារសន្តិសុខនៅតាមតំបន់នីមួយៗ ដោយមានការទទួលខុសត្រូវរៀងៗខ្លួន ដើម្បី ឲ្យកម្មវិធីទាំងមូលទទួលបានជោគជ័យតាមការគ្រោងទុក។
សូមរលឹកផងដែរថា រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD នេះបានធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គឺមានរយៈពេលជាង ៧ ខែ តាមការគ្រោងទុក។ គម្រោងនេះមានទុនវិនិយោគជាង ៣១ លានដុល្លារអាមេរិក ហើយជារោងចក្រដំឡើងរថយន្តទី ៦ នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន BYD ត្រូវបានគេចាត់ទុកជាក្រុមហ៊ុនធំជាងគេលំដាប់ទី ១ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្នែកនេះ ដែលការដំណើរការរោងចក្រនេះបានដោយសារ មានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនក៏បានគ្រោងទុកថា នៅឆ្នាំ២០២៦ ខាងមុខនេះ នឹងផលិតរថយន្តអគ្គិសនីឲ្យបានចំនួន ១ ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។



