ក្រសួងសេដ្ឋកិច្ច បិទវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាប័ន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទីចាត់ការហិរញ្ញវត្ថុនៃសាលារាជធានី-ខេត្តទាំង ២៥
នារសៀលថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ទីចាត់ការហិរញ្ញវត្ថុ នៃសាលារាជធានី-ខេត្តទាំង ២៥សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ប្រកដោយប្រសិទ្ធភាព និង ចីរភាព ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE) ។
ពិធីបិទវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោកស្រីអេមរី ហស្តប្រ៊ីន ហ្កាវីឡេ (Amrei Horstbrink-Gavillet) ជំនាញការជាន់ខ្ពស់កម្មវិធីអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុអង្គការ UNITAR និងជាប្រធានកម្មវិធី UN PAGE កម្ពុជា និង លោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា ព្រមទាំង លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីប្រឹក្សាជាតិ-អន្តរជាតិ, មន្ត្រីរាជការ, ឧទ្ទេសាចារ្យ និង សិក្ខាកាម ព្រមទាំងនិស្សិត នៃសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ២០០ រូប ។
ក្នុងគោលបំណងផ្ដល់ចំណេះដឹងបន្ថែម ជូនសិក្ខាកាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និង និស្សិតនៃសកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានអញ្ជើញផ្តល់បាឋកថាស្ដីពី «រដ្ឋ និង សេដ្ឋកិច្ចទីផ្សារ, ការអភិវឌ្ឍសេដ្ឋកិច្ច : បញ្ហា ប្រឈម និង កាលានុវត្តភាព» ដោយបានចែករំលែកអំពីដំណើរវិវត្តសង្គម និង សេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើង ទៅតាមសម័យនៃប្រវតិ្តសាស្រ្តមនុស្សជាតិ,ជាពិសេស ជោគជ័យនៃប្រព័ន្ធសេដ្ឋកិច្ចចម្រុះ នៅពេលដែលវិស័យឯកជនដើរតួនាទីជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច, រដ្ឋមានតួនាទីគ្រប់គ្រងកិច្ចអភិវឌ្ឍ តាមរយ: ការធានាការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់, បង្កើតបរិយាកាសអនុគ្រោះអំណោយផលដល់កិច្ចដំណើរការទីផ្សារ, ធានាការប្រកួតប្រជែងយុត្តិធម៌, លើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និង យកចិត្តទុកដាក់លើសមធម៌សង្គម ។
បណ្ឌិតសភាចារ្យ បានរំលឹកដោយមោទនភាពអំពីចក្រភពខ្មែរ (Khmer Empire) ដែលមានអាយុកាលជាង ៦០០ ឆ្នាំ (ឆ្នាំ ៨០២-១៤៣១) ជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ មានទឹកដីគ្របដណ្តប់លើដែនដីកម្ពុជាបច្ចុប្បន្ន ថែ ឡាវ វៀតណាម លាតសន្ធឹងដល់ប្រទេសចិនប៉ែកខាងជើង ភូមាប៉ែកខាងលិច ម៉ាឡេស៊ីប៉ែកខាងត្បូង អតីតនគរចម្បាប៉ែកខាងកើត ។ សម័យនោះ រដ្ឋខ្លាំង រឹងមាំ : ក្នុងវិស័យការពារជាតិ កងទ័ពខ្លាំងពូកែ កសាងកំពែងនគរធំ, មានវឌ្ឍនភាពដល់កំពូលនូវវិស័យស្ថាបត្យកម្ម តាមរយៈកសាងប្រាសាទបេតិកភណ្ឌជាតិ, កសាងបណ្តាញទំនប់ទឹក ប្រឡាយស្រោចស្រពសម្រាប់ការប្រកបរបរកសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង កំពង់ផែ សម្រាប់ពាណិជ្ជកម្មក្នុង និង ក្រៅប្រទេស, ក្នុងវិស័យសង្គមកិច្ច ជាពិសេស ការអប់រំ និង សុខាភិបាល តាមរយៈការកសាងមន្ទីរពេទ្យ សាលារៀន បណ្ណាល័យ ។
ក្នុងបឋកថានេះ, បណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសភាពការណ៍សកល និងសង្គម-សេដ្ឋកិច្ច នាបច្ចុប្បន្ន, ជាពិសេស ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់លើខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្ម រំហូរការងារ និង តម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និង ការនាំចូល ជាពិសេស វត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និង និន្នាការប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសការនាំចូល, ដែលការណ៍នេះ គឺជាឱកាសប្រែក្លាយបញ្ហាប្រឈមមកជាកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបន្តផ្តោតការយកចិត្តទុកដាក់ ពង្រឹង និង ពង្រីក ភាពជាម្ចាស់នៅលើមូលដ្ឋានផលិតកម្ម តាមរយ: ការជំរុញលើកកម្ពស់ផលិតកម្មក្នុងស្រុក ដោយរក្សាវិនិយោគិនមានស្រាប់ និង ទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ «ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ ២០២៤ – ២០៣៣» ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិ គ្របដណ្តប់លើមហិច្ឆតា ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់, ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ, និង ការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន ។ ក្នុងស្មារតីចូលរួមសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និង កំពុងចូលរួមសកម្ម ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាប័ន្ន ។ វគ្គបណ្ដុះបណ្ដាលជាស៊េរីនេះ មានសារៈសំខាន់ ក្នុងការចូលរួមចំណែកកសាង និង អភិវឌ្ឍមូលធនមនុស្ស, ជាពិសេស មន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងពង្រីកសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន សំដៅផ្សារភ្ជាប់សមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និង បរិស្ថានបៃតង ។
តំណាងដៃគូអភិវឌ្ឍន៍ បានលើកឡើងអំពីការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដោយបានគ្របដណ្តប់លើវិស័យជាច្រើន ចាប់តាំងពីការបង្កើនសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា រហូតដល់ការជួយពង្រឹងប្រព័ន្ធផែនការ និង ប្រព័ន្ធតាមដាន ។ ជាក់ស្តែង, UNITAR បានសហការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈ ការកសាងសមត្ថភាពគ្រូបង្គោល និង មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ លើជំនាញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង និង បរិយាប័ន្ន នៅឆ្នាំ ២០២៥ និង ឆ្នាំខាងមុខ ជូនមន្ត្រីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ។
បណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត ដល់សិក្ខាកាម ក្នុងការនាំយកនូវចំណេះដឹង និង បទពិសោធ ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តនៅតាមការដ្ឋានការងារជាក់ស្តែងរបស់ខ្លួន សំដៅអនុវត្តតួនាទី ភារកិច្ច ប្រកបដោយផលិតភាព និង ប្រសិទ្ធភាព, ជាពិសេស ត្រូវបន្តសិក្សាដកស្រង់បទពិសោធ និង ធ្វើការស្វែងយល់បន្ថែម តាមរយៈការចែករំលែកចំណេះដឹង និង បទពិសោធទាំងនេះ ជូនដល់សហសេវឹក នៅតាមអង្គភាពរៀងៗខ្លួន ។



