ក្រសួងបរិស្ថានរៀបចំវេទិកាកេសរកូលជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិរក្ស

ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ដើម្បីបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត សំដៅលើកកម្ពស់ការយល់ដឹង និងការអភិរក្ស។

វេទិកាកេសរកូលជាតិលើកទី៥ បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអញ្ជើញចូលរួមពីរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិ លម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការ យល់ដឹងអំពីប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំង គុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រឡាញ់ ការចូលរួម អភិរក្សជីវៈ ចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ ការពារធម្មជាតិ។ ឯកឧត្តម បញ្ជាក់ថា “វេទិកាកេសរកូលជាតិនេះ ក៏បង្ហាញពីគុណតម្លៃ និងអត្ថប្រយោជន៍ នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រឡាញ់ ការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ”។ បច្ចុប្បន្ន ប្រភេទកេសរកូលព្រៃ ត្រូវបានគេសិក្សា និងកត់ត្រាបានជាង៤០០ ហើយគេរំពឹងថា អាចមាន ចំនួនលើសពី៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានប្រមូល សំណាកប្រមាណ៥០០០សំណាក ស្មើនឹងជាង២០០ប្រភេទ និងបានកំណត់បញ្ជាក់អត្តសញ្ញាណ និង កត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន១១៩ប្រភេទ ដែលក្នុងនោះបានបញ្ជូនសំណាកចំនួន ៥០ប្រភេទ ទៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងចុះបញ្ជីធនធានពន្ធុ។ 

ក្រុមការងារនៃមជ្ឈមណ្ឌល និងនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន កំពុងបន្តសិក្សាស្រាវជ្រាវ និង ប្រមូលប្រភេទកេសរកូលព្រៃសំខាន់ៗ និងកម្រតាមតំបន់ខុសៗគ្នានៅទូទាំងប្រទេសបន្ថែមទៀតដើម្បី រក្សាទុក និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់បានស្គាល់ពីភាពសម្បូរបែប និងគុណតម្លៃ នៃកេសរកូលព្រៃកម្ពុជា៕