ឯកឧត្តមបណ្ឌិត កៅ ថាច៖ “ដេីម្បីសម្រេចបំណង ប្រាថ្នារបស់ខ្លួនក្នុងការចូលរួមកសាងជាតិ សហគ្រិនត្រូវតែប្រែក្លាយទស្សនៈ និងគំនិតជាសកម្មភាពជាក់ស្តែង”
ខេត្តកោះកុង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោក ហៀន សូប៉ូលីន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមាន ប្រសាសន៍បង្ហាញពីសារៈសំខាន់ ចំពោះ សរសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុ នៅលើសកលលោក និងនៅកម្ពុជាផងដែរ ក្នុងនោះ គឺផ្តោតលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ត្រូវបានទ្រទ្រង់ដោយសរសរ-ស្តម្ភចំនួន ៣ រួមមាន៖ វិស័យធនាគារ វិស័យមូលបត្រ និងវិស័យធានារ៉ាប់រង ដែលជាប្រភពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម សេដ្ឋកិច្ចនិងសង្គម។
ន័យនេះចង់សំដៅថា ម្ចាស់សហគ្រាសនិងសហគ្រិន អាចស្វែងរកប្រភពហិរញ្ញវត្ថុតាមរយៈវិស័យទាំងបីនេះ បន្ថែមពីលើវិស័យធនាគារ។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានចាត់ទុកថា សហគ្រិនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយសារតែសហគ្រិន មិនមែនត្រឹមតែជាម្ចាស់សហគ្រាសតែ ប៉ុណ្ណោះទេថែមទាំងជាអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (change- makers) ដែលបម្លែងគំនិតទៅជាសកម្មភាព និងដំណោះស្រាយ តាមរយៈមុខងារចំនួន ៦ រួមមាន៖ សហគ្រិន ជាអ្នកបង្កើតនវានុវត្តន៍ សហគ្រិន ជាអ្នកបង្កើតការងារ សហគ្រិន ជាអ្នកជំរុញកំណើនសេដ្ឋកិច្ច សហគ្រិន ជាអ្នកបែងចែកធនធាន សហគ្រិន ជាអ្នកជំរុញភាពប្រកួតប្រជែង សហគ្រិន ជាអ្នកលើកកម្ពស់គុណតម្លៃសង្គម និងបរិស្ថាន។
បន្ថែមពីនេះ ក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៣០ ឯកឧត្តមបណ្ឌិត កៅ ថាច មានសុទិដ្ឋិនិយមថា« សហគ្រិននៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចពោលគឺសហគ្រិននឹងនៅតែជាតួអង្គដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្ម និងភាពធន់ បង្កើននវានុវត្តន៍និងជំរុញបរិយាបន្ន»៕



