មនុស្ស១០នាក់ស្លាប់និងបាត់ខ្លួន៦នាក់ដោយសារទឹកជំនន់ភ្លាមៗក្នុងតំបន់ភ្នំនិងវាលទំនាបលិចទឹកជាទីកន្លែងដែលប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់និយមរស់នៅ
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងបង្កឱ្យមានហេតុការណ៍រអិលបាក់ដីនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ប៉ូលីសកាលពីថ្ងៃពុធម្សិលមិញ។ ក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូយ៉ាងស្វិតស្វាញដើម្បីទៅកាន់ដល់តំបន់ដែលរងគ្រោះ ស្ដិតនៅក្នុងទីតាំងចំនួន៦នៃខេត្តស៊ូម៉ាត្រាខាងជើង បន្ទាប់ពីភ្លៀងមូសុងបង្អុរចុះក្នុងរយៈពេលពេញមួយសប្តាហ៍កន្លងមក និងបណ្តាលឱ្យទឹកទន្លេឡើងហើមហៀរហូរច្រាំង។ កាលពីថ្ងៃពុធនោះដែរក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសពមនុស្សយ៉ាងហោចណាស់៥នាក់ និងមនុស្ស៣នាក់ទៀតរងរបួសនៅក្នុងទីក្រុង Sibolga ដែលរងគ្រោះខ្លាំងជាងគេ ហើយនឹងកំពុងបន្តស្វែងរកអ្នកភូមិចំនួន៤នាក់ផ្សេងទៀតដែលត្រូវគេរាយការណ៍ថាបាត់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសដដែល។ ប្រធានប៉ូលីសក្រុង Sibolga បាននិយាយទៀតថា៖ ជម្រកសង្គ្រោះនិងន្ទាន់ត្រូវបានបង្កើតឡើងហើយ ខណៈដែលអាជ្ញាធរបានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់ ដោយពួកគេព្រមានថា៖ ស្ថានភាពនៅពេលនេះអាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលអាចបង្កឱ្យមានហេតការណ៍រអិលបាក់ដីកាន់តែខ្លាំង បន្ទាប់ពីមានទីតាំងចំនួន៦កន្លែងរួចហើយដែលមានដីបាក់ នៅក្នុងទីក្រុងជាប់ភ្នំ និងបានធ្វើឱ្យផ្ទះចំនួន១៧ខ្នង ហាងកាហ្វេមួយកន្លែងត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះភ្លៀងធ្លាក់ខ្លាំងតាមរដូវកាលដែលចាប់ផ្តើមពីខែតុលាដល់ខែមីនា ជារឿយៗតែងតែបណ្តាលឱ្យមានទឹកជំនន់ និងរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែនកោះមួយ មានប្រជុំកោះចំនួន១៧.០០០កោះ និងជាកន្លែងដែលមានមនុស្សរាប់លាននាក់តាំងទីលំនៅរស់នៅក្នុងតំបន់ភ្នំ ឬនៅក្បែរវាលទំនាបលិចទឹក ដោយសារតែវាជីវជាតិសម្រាប់បង្ករបង្កើនផល និង ទ្រទ្រង់ជីវភាពរបស់ពួកគេបានយ៉ាងល្អដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



