អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានលើកកម្ពស់ការធានាសន្តិសុខព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានលើកកម្ពស់ការធានាសន្តិសុខព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ ជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈមនឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន និងតាមរយៈប្រព័ន្ធអនឡាញ(Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអនុគណៈកម្មការចំណុះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ សមាជិក សមាជិកាលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មាន២៥រាជធានី ខេត្ត។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំលើវិស័យព័ត៌មាននិងសោតទស្សន៍ ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការលើកកម្ពស់សន្តិសុខព័ត៌មាន ជាអាទិ៍តាមរយៈវិធានការគ្រប់គ្រង បន្សាប និងឆ្លើយតបទាន់ពេលវេលាដើម្បីទប់ស្កាត់ហានិភ័យនានាដែលអាចបង្កមហន្តរាយដល់ពលរដ្ឋ និងសង្គម។
ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន លទ្ធផលការងារគ្រប់គ្រង ប្រឆាំងព័ត៌មានក្លែងក្លាយ បានទប់ស្កាត់ឥទ្ធិពលអាក្រក់ និងការសាយភាយព័ត៌មានក្លែងក្លាយ ចំនួន ២ ៨១០ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ព្រំដែន កសិកម្ម សុខុមាលភាព ការគាំពារសង្គម ដីធ្លីក្នុងចំណោមប្រធានបទផ្សេងទៀត ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងរយៈពេលនេះដែរ យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ដែលដឹកនាំដោយក្រសួងព័ត៌មាន និងអនុវត្តក្នុង២៥រាជធានី ខេត្ត បានក្លាយជាចលនាជាតិ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយដែលអាចកើតពីព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។យុទ្ធនាការនេះកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត និងពង្រីកយុទ្ធនាការអប់រំលើបណ្តាញសង្គម ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេស ដោយមានការគាំទ្រអនុវត្ត ដោយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរព័ត៌មាន អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានបង្ហាញថា ព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានផលវិបាកដែលយើងមិនអាចនឹកស្មានដល់ ព្រមទាំងអាចជះផលអវិជ្ជមានរយៈពេលយូរប៉ះពាល់ដល់ការរស់នៅ ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម ប្រសិនបើពុំមានយន្តការ និងវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ទេ វានឹងបង្កភាពច្របូកច្របល់ និងការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរលើបញ្ហាអ្វីមួយ ឬប៉ះពាល់ដល់លើការដឹកនាំ, បង្កឱ្យមានការរើសអើង និងអរិភាពក្នុងសង្គម, ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើប្រភពព័ត៌មានពិតប្រាកដ, ឬអាចគំរាមកំហែងប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។
ក្នុងក្របខណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសលើក្រមសីលធម៌ និងពង្រឹងការអនុវត្តនិយាមប្រតិបត្តិបណ្តាញសង្គម សម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ គោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សីលធម៌សង្គម និងអនុលោមតាមច្បាប់ជាធរមាន៕



