២ខែ ក្រសួងមហាផ្ទៃទទួលបានប្រមាណ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់សរុបជាប្រាក់ជាង៨០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តកើតមាន ដោយសារក្រុមជនខិលខូច តែងប្រើគ្រប់វិធីសាស្រ្ត ដើម្បីអោយជនរងគ្រោះ ធ្លាក់ក្នុងល្បិចកល់របស់ពួកគេ។
ក្នុងនោះដែរ ត្រឹមតែរយៈពេល២ខែ ក្រសួងមហាផ្ទៃទទួលបានបណ្ដឹងប្រមាណ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង៨០ម៉ឺនដុល្លារ តាមរយៈទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ប្រាក់ទាំងនោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគាររបស់ជនល្មើស ខណៈរូបភាពនៃការបន្លំបោកប្រាស់ ជួនកាលជនល្មើសបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះហើយបន្លំថា ទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន។ ករណីខ្លះទៀត ជនខិលខូចបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ពេលបានប្រាក់ហើយក៏ផ្ដាច់ទំនាក់ទំនង ចំណែកករណីខ្លះទៀត ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាពដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ អង្គភាពជំនាញក្រសួងមហាផ្ទៃ ត្រូវរៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ៕



