ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីកាត់ឬសសីមា  នៅខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការរជាតិ​រៀបច​បុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំព្រះរាជពិធីកាត់ឬសសីមា  វត្តកេតកន្យារាម នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលឆាប់ៗខាងមុខនេះ។

និមន្ត និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ព្រះអរិយកស្សប នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តសៀមរាប ព្រះរាជតំណាង សម្តេច​ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី និងខេត្តពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា​អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បាន​​​ជម្រាបជូន អង្គប្រជុំ ជ្រាបស្ថានភាពទីតាំងប្រារព្ធ​ព្រះរាជពិធីកាត់ឬសសីមា​ នៅវត្តកេតកន្យារាម និងកិច្ចការសំខាន់ៗទាំងឡាយ ដែលក្រសួង​ស្ថាប័ន​ ខេត្តពាក់ព័ន្ធ ត្រៀមអនុវត្ត​នាពេល​ខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ឈិន កេតនា បានជម្រាបគ្រប់តំណាងក្រសួង​ស្ថាប័ន ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដោយស្មារតីសាមគ្គីភាព សហការ និងការ​ទទួលខុស​ត្រូវខ្ពស់លើរាល់ភារកិច្ចជំនាញទៅតាមក្រសួង ស្ថាប័ន និងខេត្តពាក់ព័ន្ធ ​ដូចជា ការថ្វាយបដិសណ្ឋារកិច្ច រៀបចំជួសជុលផ្លូវចូលវត្ត តុបតែងសម្អាតទីតាំង​ប្រារព្ធព្រះរាជ​ពិធី​ ថែរក្សាការពារសន្តិសុខ ​សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍តាមដងផ្លូវនានាដែល​ពាក់ព័ន្ធ ​ដើម្បីថ្វាយ​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងឥស្សរជនថ្នាក់ដឹកនាំកំពូលជាតិ​ ឱ្យទទួលបាន​លទ្ធផលយ៉ាង​ល្អប្រសើរ។ ​

មុននឹងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានទូលប្រគេនព្រះអរិយកស្សប នង មាណវោ ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ ព្រះមេត្តាជួយចាត់ចែងដោយទឹកព្រះទ័យជ្រះថ្លា និង​សំណូមពរ​សមាជិក សមាជិកាអង្គប្រជុំ ទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍​ជូនថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី​ និងខេត្តពាក់ព័ន្ធ បានជ្រាប និង​សហការអនុវត្ត ឱ្យទទួលបានលទ្ធផលប្រសើរ។