ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអនុញ្ញាតអោយ លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៉ីស្រាអែល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតអោយលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៉ីស្រាអែល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានថ្លែងអំណរគុណដល់ឯកឧត្តម អនុប្រធានទី១ រដ្ឋសភាដែលបានអនុញ្ញាតអោយលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ ដើម្បីលើកកម្ពស់ទំនាក់ ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគ យល់ និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ អ៉ីស្រាអែល-កម្ពុជា។លោកជំទាវ បានបន្តថា លោកជំទាវមានកិត្តិយសណាស់ដែល បានមកធ្វើឯកអគ្គរដ្ឋទូត នៃរដ្ឋអ៉ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានថ្វាយសាតាំងដល់ព្រះករុណាជីវិតលើត្បូងកាលពីម្សិលមិញ។លោកជំទាវក៏បានទូលថ្វាយព្រះករុណាជីវិត លើត្បូងផងដែរ ពីការកត់សំគាល់របស់លោកជំទាវរយៈពីរ បីឆ្នាំចុងក្រោយនេះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ក្នុងនោះប្រទេសទាំងពីរអ៉ីស្រាអែល- កម្ពុជា បានចុះអនុសារណៈយោគយល់គ្នាក្នុងការទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលលើវិស័យកសិកម្ម និងការផ្លាស់ប្តូរគ្នាលើវិស័យវប្បធម៌។ទន្ទឹមនិងនោះលោកជំទាវ បានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលកម្ពុជាដែលបានអោយនិស្សិតកម្ពុជាបន្តសិក្សារៀនសូត្រអំឡុងពេលប្រទេសអ៉ីស្រាអែលរងការវាយប្រហារដោយពួកក្រុមហាម៉ាស់នាពេលកន្លងទៅ។

ជាការឆ្លើយតបឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាកម្ពុជាឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបាន ជួបពិភាក្សាការងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូត នៅពេលនេះ ដែលនេះជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃ ប្រទេសយើងទាំងពីរ។ ឯកឧត្តម មានសេចក្តីរីករាយ ដោយលោកជំទាវ ឯកអគ្គរដ្ឋទូត បានជួប ពិភាក្សាការងារ ប្រកបដោយភាព ស្និទ្ធស្នាល និងជោគជ័យជាមួយ ថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មួយចំនួនទៀតផងដែរ។ឯកឧត្តមសង្ឃឹមថា ជំនួបពិភាក្សាការងាររបស់យើងនាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន យើងទាំងពីរកម្ពុជា-អ៊ីស្រាអែល។ ទន្ទឹមនិងនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរមានការវិវត្តកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាង សកម្ម ក្នុងការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ ជាច្រើន រួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ជាមួយគ្នានេះ កម្ពុជា បានតែងតាំងឯកអគ្គរាជទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៉ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយ ឯកឧត្តម សង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ ឯកឧត្តម បានបន្ថែមថា ឯកឧត្តមសូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុកចិត្តគ្នាទៅវិញ ទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-អ៉ីស្រាអែល។ម្យ៉ាងវិញទៀតឯកឧត្តម សូមអរគុណចំពោះរដ្ឋាភិបាលអ៉ីស្រាអែល ដែលផ្តល់អាហារូបករណ៍ រយៈពេលខ្លី ប្រមាណ ១១ ខែ ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សានិងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម នៅប្រទេសអ៉ីស្រាអែល ដែលជាប្រទេសមួយពោរពេញដោយសក្តានុពលឈានមុខគេក្នុង វិស័យកសិកម្ម។  គិតចាប់ពីឆ្នាំ ២០០៨ ដល់ ២០២៥ កម្ពុជាបាន បញ្ជូននិស្សិតចំនួន ២,១២៣ នាក់ទៅសិក្សាជំនាញកសិកម្មនៅ អ៉ីស្រាអែល។ សម្រាប់ឆ្នាំ ២០២៥ ដល់ ២០២៦ មាននិស្សិត កម្ពុជា សរុបចំនួន ១៥៤ នាក់ (ស្រី ២៧ នាក់) ដែលកំពុងសិក្សា ជំនាញកសិកម្មនៅប្រទេសអ៉ីស្រាអែល។ទន្ទឹមនិងនោះដែរឯកឧត្តម បានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះព្រំដែនកម្ពុជា- ថៃដែលរាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ីងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និងមានការចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរការសន្តិភាពនេះ។

ជាចុងបញ្ជប់ឯកឧត្តម បានជំរុញអោយកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា និងអ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ឯកឧត្តម សូមលើក ទឹកចិត្ត និងសំណូមពរ ដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈ ក្រសួងការបរទេស ក៏ដូចជាលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការស្វែងរកការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ ដែលមានស្រាប់ និងវិស័យអាទិភាពខ្ពស់របស់ប្រទេសទាំងពីរ ដូច ជាវិស័យកសិកម្ម និងការគ្រប់គ្រងទឹក, វិស័យនវានុវត្តន៍ បច្ចេកវិទ្យា និងការអប់រំ, វិស័យ ការងារជាដើម៕