រូបភាពពីវីដេអូ Drone បង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផ្ទះជាង១០០ខ្នង! ក្រោយពីខ្យល់ព្យុះកំបុតត្បូងបោកបក់ ក្បែរទីក្រុង Houston របស់សហរដ្ឋអាមេរិក

អាជ្ញាធរក្នុងរដ្ឋតិចសាស់បាននិយាយថា៖ ផ្ទះប្រជាពលរដ្ឋជាង ១០០ ខ្នងត្រូវបានខូចខាតជាដំណំបន្ទាប់ពីមានខ្យល់ព្យុះកំបុតត្បូងបោកបក់នៅក្នុងតំបន់លំនៅដ្ឋានរបស់ពួកគេដែលស្ថិតនៅខាងក្រៅទីក្រុង Houston ។ មិនមានរបាយការណ៍ស្តីពីមនុស្សរងរបួសឬស្លាប់នៅឡើយទេ។ តាមរយៈរូបភាពវីដេអូដោយដ្រូនដែលបានបង្ហោះនៅលើហ្វេសប៊ុកដោយប៉ុស្តិ៍ប៉ូលីស Harris County Precinct 4 បានបង្ហាញពីដំបូលក្បឿងត្រូវបើកនិងរហែកចេញគួរឲ្យរន្ធត់។ ការខូចខាតនេះបានប៉ះពាល់ដល់សង្កាត់ Memorial Northwest ផងដែរ នេះបើយោងតាមការិយាល័យរបស់លោក Mark Herman ជាប៉ូលីសក្នុងតំបន់។ អ្នកនាំពាក្យ Rustin Rawlings បាននិយាយថា៖ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Houston បានបញ្ជូនសមាជិក៥នាក់ដើម្បីកាត់ដើមឈើដែលដួលរលំចេញ។ សេវាអាកាសធាតុជាតិបានចេញសេចក្តីព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះកម្លាំងខ្យល់ព្យុះកំបុតត្បូងសម្រាប់ភាគអាគ្នេយ៍ក្នុងរដ្ឋតិចសាស់ រួមទាំងទីក្រុង Houston រហូតដល់ម៉ោង១ព្រឹកថ្ងៃអង្គារនេះ ថែមទាំងមានសេចក្តីព្រមានអំពីព្យុះផ្គររន្ទះធ្ងន់ធ្ងរថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ