លោក Maduro បញ្ជាក់ថា៖ប្រទេសវេណេហ្ស៊ូអេឡានឹង មិនត្រូវបានរារាំងដោយសង្គ្រាមផ្លូវចិត្តរបស់អាម៉េរិកនោះទេ ! បន្ទាប់ពីមានការលុបចោលជើងហោះហើរ

ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក Nicolas Maduro បាននិយាយថា ប្រទេសរបស់លោកនឹងមិនត្រូវបានរារាំងដោយ «សង្គ្រាមផ្លូវចិត្ត» របស់សហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរចូលទៅក្នុងប្រទេសនេះកាលពីថ្ងៃចន្ទម្សិលមិញ។ ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍របស់លោក ដែលមានឈ្មោះថា «With Maduro +» រួមជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវេណេហ្ស៊ូអេឡា លោក Ramón Celestino Velásquez Araguayán និងលោក Maduro បានព្រមានថា៖ ចំពោះអ្នកណាដែលបំពានច្បាប់ នោះ ច្បាប់នឹងកាត់ទោស។ ក្រុមហ៊ុនអាកាសចរណ៍វេណេហ្ស៊ូអេឡាចំនួនពីរបានប្រកាសកាលពីថ្ងៃចន្ទនេះស្តីអំពីការលុបចោលជើងហោះហើររបស់ពួកគេទៅ និងត្រលប់មកពីប្រទេសវេណេស៊ុយអេឡាវិញ ដោយចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៧ដែលបានផ្អាកប្រតិបត្តិការរួចទៅហើយ បន្ទាប់ពីរងនូវការព្រមានពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកអំពីហានិភ័យនៃការហោះហើរនៅក្នុងដែនអាកាសរបស់ប្រទេស។ ចំណែករដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ហៅកាត់ថា (FAA) បានព្រមានដល់អ្នកបើកយន្តហោះកាលពីថ្ងៃសុក្រនេះ សូមឱ្យមានការប្រុងប្រយ័ត្ននៅពេលហោះហើរពីលើប្រទេសវេណេស៊ុយអេឡា «ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ និងសកម្មភាពយោធាកើនឡើងដែរ» នៅជុំវិញប្រទេស។ ការព្រមានរបស់ FAA បានកើតឡើងចំពេលមានភាពតានតឹងជាបន្តបន្ទាប់ជុំវិញការដាក់ពង្រាយកងកម្លាំងយោធាអាមេរិកចាប់តាំងពីខែកញ្ញាមកម៉្លេះ ដែលបានវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងនាវាមួយគ្រឿងដែលគេសង្ស័យថាបានជួញដូរគ្រឿងញៀននៅក្នុងដែនទឹកអន្តរជាតិក្នុងតំបន់ការ៉ាប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងទូកជាច្រើនគ្រឿងទៀតដែលពួកគេអះអាងថាបានចាកចេញពីប្រទេសវេណេស៊ុយអេឡាដោយមានមនុស្ស៨០នាក់បានស្លាប់រួចទៅហើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ