សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយដល់ពលការិនីនិងពលរដ្ឋរងគ្រោះ ពីការរំលោភបំពានផ្លូវភេទនិងបាញ់ប្រហាររបស់យោធាថៃ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនពលការិនីខ្មែររងគ្រោះពីការរំលោភបំពានផ្លូវភេទពីសំណាក់ទាហានឈុតខ្មៅថៃ និងវីរកងទ័ព ពលរដ្ឋស្លូតដែលរងបាញ់ប្រហារពីសំណាក់ទាហានខ្មៅថៃ នាពេលកន្លងមកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ដំណើរចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌នាពេលនេះ គឺជាការយកចិត្តទុក្ខដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋ ពីថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ក្រោមពាក្យស្លោកថា “ទីណាមានទុក្ខ មានមុខតំណាងរាស្រ្ត”។ សកម្មភាពនេះកើតឡើងស្របពេលដែលរាជ រដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា និងស្ថាប័ននានាបានរួមគ្នាក្នុងការស្មារតីជាតិនិយម យកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋរងគ្រោះពីការរំលោភបំពាននិងការបាញ់ប្រហាយ៉ាងឃោឃៅរបស់ទាហានថៃ។ ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សហជីព និងមហាជនទូទៅ កំពុងបន្តថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌នេះ និងទាមទារយុត្តិធម៌ជាដាច់ខាត។
សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានសម្តែងនូវក្តីបារម្ភ និងសោកស្តាយជាពន់ពេក និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ដែលបានប្រព្រឹត្តិឡើងដោយយោធាថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានិងបានទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះជានិច្ច។ សម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ បានលើកទឹកចិត្តដល់នារីរងគ្រោះ ក៏ដូចជាពលរដ្ឋរងគ្រោះដទៃទៀត មានស្មារតីរឹងមាំ និង ខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយឡើងវិញ និងមាន ការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការរស្វែងរកយុត្តិធម៌ជូន។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជ្រាលជ្រៅជូនក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាល ថែទាំសុខភាពដល់បងប្អូនរងគ្រោះទាំងអស់។ ជាពិសេសសម្តេចបានគោរពថ្លែងអំណរគុណ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុក្ខដាក់ចាត់មន្រ្តីចុះមកជាប់ជាប្រចាំក្នុងការផ្តល់ការឧត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងស្មារតីដល់ពលរដ្ឋរងគ្រោះទាំងអស់។
សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបាននាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួនដល់ជនរងគ្រោះ ដែលក្នុងនោះពលការិនីរងគ្រោះដោយទាហានថៃរំលោភបំពាន ទទួលបានថវិកា ចំនួន ៧,០០០,០០០ (ប្រាំពីរលាន) រៀល រួមនឹងផ្លែឈើ១កន្ត្រក និងទឹកភេសជ្ជៈ ១កន្ត្រក ចំណែកឯជនរង គ្រោះដោយការបាញ់ប្រហារ ទទួលបានថវិកា ចំនួន ៦លានរៀល រួមនឹងផ្លែឈើ ១កន្ត្រក និង ពលទាហានដែលរងរបួស ទទួលបានថវិកា ចំនួន ៦លានរៀល អ្នកកំដរក៏ទទួលបានថវិកាក្នុងម្នាក់ ៥០ម៉ឺនរៀល សរុបថវិកាដែលចែកជូននៅក្នុងឱកាសនោះ ចំនួន ២០លាននិង៥០ម៉ឺនរៀល៕



