វៀតណាមចាប់ផ្តើមសម្អាតសំណល់ពីជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត! បន្ទាប់ពីវាបានពន្លិចផ្ទះប្រជាជន ជាង២សែនខ្នង និងសម្លាប់មនុស្ស៩០នាក់

រដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមយុទ្ធនាការបោសសម្អាតសំណល់ដែលបន្សល់ទុកពីគ្រោះជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលបណ្តាលឱ្យមនុស្សជាង៩០នាក់ស្លាប់ ខណៈការខូចខាតត្រូវប៉ាន់ប្រមាណថាអាចឈានដល់ជិត៥០០លានដុល្លារអាម៉េរិក។ ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុនបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងហេតុការណ៍រអិលបាក់ដីចាប់ពីខេត្ត Quang Tri ដល់ខេត្ត Lam Dong ដែលលាតសន្ធឹងរយៈចំងាយ ៨០០គីឡូម៉ែត្រតាមបណ្តោយភាគកណ្តាលនៃប្រទេសនេះ រួមទាំងតំបន់ខ្ពង់រាបផងដែរ។ ទឹកជំនន់បានពន្លិចផ្ទះសម្បែងជាង២សែនខ្នង និងបំផ្លាញផ្ទះចំនួន ១,១៥០ខ្នងផ្សេងទៀត។ រដ្ឋាភិបាលវៀតណាមបាននិយាយថា៖ គ្រោះធម្មជាតិដ៏អាក្រក់នេះបានបំផ្លាញផ្ទៃដីកសិកម្មជាង ៨២,០០០ហិកតា រួមទាំងដំណាំស្រូវ និងបន្លែគ្រប់ប្រភេទ។ ទឹកជំនន់បានរំខានដល់ការដឹកជញ្ជូនសាធារណៈ និងធ្វើឱ្យសហគមន៍រាប់សិបកន្លែងត្រូវកាត់ផ្តាច់ពីគ្នា។ មកដល់ពេលនេះស្ថានការណ៍រអិលបាក់ដីក៏កំពុងតែរារាំងផ្លូវហាយវេតភ្ជាប់អន្តរខេត្តសំខាន់ៗជាច្រើនផងដែរ ដែលបង្ករទៅជាផលពិបាកសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនានា។ នៅក្នុងតំបន់ដែលមិនអាចចូលទៅដល់បានដោយសារទឹកជំនន់ ក៏មានឧទ្ធម្ភាគចក្រត្រូវដាក់ពង្រាយដើម្បីទម្លាក់ស្បៀងអាហារ និងសម្ភារៈជំនួយ ក៏ដូចជាជួយដល់ការជម្លៀសចេញជាបណ្តោះអាសន្នថែមទៀតផង។ ចំណែកនៅ ដាកឡាក់ វិញដែលជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេគឺមានមនុស្ស៦៣នាក់ស្លាប់ ដែលភាគច្រើនស្លាប់ដោយសារតែលង់ទឹកជំនន់។ លើសពីនេះអ្នកស្លាប់ផ្សេងទៀតមកពីខេត្ត ខាញ់ហ័រ ឡាំដុង យ៉ាឡាយ ដាណាំង ហ៊ុយ និងក្វាងទ្រី។ ជំនន់ទឹកភ្លៀងចុងរដូវរំហើយនេះ បានពន្លិចកសិដ្ឋានកាហ្វេមួយនៅដាកឡាក់ ដែលជាតំបន់ដាំដុះកាហ្វេដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមដែលត្រូវបានគេទទួលស្គាល់ថាជា ឋានសួគ៌ដំណាំកាហ្វេដ៏ឆ្ងាញ់របស់ពិភពលោក ខណៈអ្នកជំនាញបាននិយាយថាបញ្ហានេះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតផលកាហ្វេរបស់ប្រទេសវៀតណាមនៅឆ្នាំក្រោយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ