នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដ៏ទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៥នេះថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ ដែលធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ ។
ឆ្លៀតក្នុងកាសនេះ ឯកឧត្ដមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាប តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃ) និង 093 456 888 / 011 24 8888។
បន្ថែមពីលើនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា ក្នុងអាណត្តិថ្មីរាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហាចំបង ជាមួយគ្នានេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានពង្រឹងការសហការជាមួយស្នងការដ្ឋានរាជធានីខេត្ត ក្នុងការបង្ក្រាប, បង្ការទប់ស្កាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយធ្វើការបង្ក្រាបអោយដល់ឬសគល់។ ទន្ទឹមនឹងនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ករណីធំៗជាច្រើន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស រួមទាំងធ្វើការបង្ក្រាបក្លឹបកម្សាន្តដែលលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីស្រទាប់យុវវ័យផងដែរ៕
អត្ថបទ ញ៉ែម សំណាង (២៤.១១.២០២៥)



