ករណីអត្តឃាតជនគ្រាប់បែកចូលវាយប្រហារទីស្នាក់ការកណ្តាលរបស់កម្លាំងសន្តិសុខនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន! បណ្តាលឱ្យមន្ត្រីប៉ូលីសស្លាប់៣នាក់
មានករណីជនបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់បានសម្រុកចូលវាយប្រហារទីស្នាក់ការកណ្តាលកងកម្លាំងសន្តិសុខមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាននាព្រឹកថ្ងៃចន្ទនេះ ដោយសម្លាប់មន្ត្រីយោធាបីនាក់ និងរបួស១១នាក់ផ្សេងទៀត នេះបើយោងតាមមន្ត្រីប៉ូលីស និងក្រុមជួយសង្គ្រោះនៅកន្លែងកើតហេតុ។ ការវាយប្រហារនេះបានកើតឡើងនៅតំបន់ Peshawar ដែលជារដ្ឋធានីក្នុងខេត្ត Khyber Pakhtunkhwa ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន និងនៅពេលដែលកម្លាំងសន្តិសុខកំពុងរៀបចំដើរក្បួនដង្ហែរពេលព្រឹកព្រលឹមនៅទីលានដ៏ធំស្ថិតនៅទីតាំងកណ្តាលទីក្រុងដែរ នេះបើយោងតាមលោក Saeed Ahmad ជាមេប៉ូលីស Peshawar។ លោកបាននិយាយទៀតថា៖ អត្តឃាដជនម្នាក់បានវាយប្រហារដោយបំផ្ទុះគ្រាប់បែកលើខ្លួនរបស់គេនៅច្រកទ្វារសំខាន់នៃទីស្នាក់ការកណ្តាលរបស់ប៉ូលីសក្នុងតំបន់ Federal Constabulary ខណៈដែលអត្តឃាដជនគ្រាប់បែកទី២បានធ្វើសកម្មភាពដែរ និង ត្រូវបានប៉ូលីសបាញ់សម្លាប់នៅជិតកន្លែងចតរថយន្តរបស់គេតែម្តង។ យោងតាមលោក Ahmad ជាបុគ្គលិកសន្តិសុខបានឲ្យដឹងថាអំឡុងពេលកើតហេតុមានមនុស្សប្រហែលជា ១៥០ នាក់ស្ថិតនៅទីតាំងបើកចំហនៃបរិវេណខាងក្នុងទីស្នាក់ការកណ្តាល ដោយកំពុងហ្វឹកហាត់ដើរក្បួនដង្ហែរនាពេលព្រឹក មុនការវាយប្រហារកើតឡើង។ លោកបាននិយាយបន្ថែមថា៖ ប៉ូលីសបានបញ្ចប់ប្រតិបត្តិការបោសសម្អាតសំណល់ជាតិផ្ទុះ ហើយអាជ្ញាធរបានប្រមូលសំណាកនៃផ្នែករាងកាយរបស់អត្តឃាដជនទាំងពីរដើម្បីធ្វើតេស្ត DNA សំគាល់អត្តសញ្ញាណដែរ។ លោកបានបញ្ជាក់ថា៖ មកដល់ពេលនេះប៉ូលីសកំពុងតែស៊ើបអង្កេតយ៉ាងដើម្បីកំណត់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនវាយប្រហារដោយមិនផ្តល់ព័ត៌មានលម្អិតជាចំហរនោះទេ។ សូមបញ្ជាក់ថា មុនពេលមានករណីបំផ្ទុះគ្រាប់បែកដោយអត្តឃាដជននៅប្រទេសប៉ាគីស្ថាននេះ កន្លងទៅប៉ុន្មានសប្តាហ៍មុនប្រទេសឥណ្ឌាក៏រងនូវករណីនេះដូចគ្នាក្នុងទីក្រុង New Delhi ដោយបានសម្លាប់មនុស្ស៨នាក់ភ្លាមៗជាអត្តឃាដជនបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែរ ខណៈដែលប្រទេសទាំងពីរបានដាក់ក្តីសង្ស័យរវាងគ្នាទៅវិញទៅមក៕
សម្រួលអត្ថបទ៖ សុផារិន្ទ



